ព័ត៌មានអន្តរជាតិ

សិង្ហបុរី និងជប៉ុន ចាប់ដៃគ្នាសហការលើភាពជាដៃគូនៃបច្ចេកវិទ្យាអវកាសជាលើកដំបូង

image


សិង្ហបុរី៖ ប្រទេសសិង្ហបុរី និងប្រទេសជប៉ុន បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអវកាស រួមមានបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការរុករកអវកាស។

នេះគឺជាកិច្ចព្រមព្រៀងទ្វេភាគីដំបូងបង្អស់សម្រាប់ទីភ្នាក់ងារអវកាសរបស់សិង្ហបុរី ដែលកើតចេញពីការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វ៉ុង (Lawrence Wong) និងសមភាគីជប៉ុន លោកស្រី សាណាអិ តាកាអ៊ីឈិ (Sanae Takaichi) កាលពីដើមឆ្នាំ២០២៦។

ទីភ្នាក់ងារអវកាសជាតិសិង្ហបុរី (NSAS) និងទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) នឹងធ្វើការផ្លាស់ប្តូរព័ត៌មាន និងជំនាញបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មអវកាស និងការអប់រំសម្រាប់ប្រទេសទាំងពីរ។
នៅក្នុងសន្និសីទស្ប៉េសថាយ​ ២០២៦ (Spacetide 2026) នៅទីក្រុងតូក្យូ សិង្ហបុរីបានក្លាយជាប្រទេសដៃគូទី៣ បន្ទាប់ពីចក្រភពអង់គ្លេស និងបារាំង ដែលចូលរួមក្នុងក្របខណ្ឌគាំទ្រអាជីវកម្មរបស់ទីភ្នាក់ងាររុករកអវកាសជប៉ុន ដើម្បីសម្រួលដល់ភាពជាដៃគូរវាងក្រុមហ៊ុនឯកជននៃប្រទេសទាំងពីរ។

ក្រៅពីកិច្ចព្រមព្រៀងថ្នាក់ជាតិ សកលវិទ្យាល័យបច្ចេកវិទ្យា ណានយ៉ាង (NTU) របស់សិង្ហបុរី ក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជប៉ុន ហ្វ៊ូស៊ីក (Fusic) ដើម្បីប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការគ្រប់គ្រងផ្កាយរណប និងដោះស្រាយបញ្ហាបច្ចេកទេសឱ្យកាន់តែមានប្រសិទ្ធភាព។

អ្នកស្រី ងៀម ឡេណា (Ngiam Le Na) ប្រធានប្រតិបត្តិនៃទីភ្នាក់ងារអវកាសជាតិសិង្ហបុរី (NSAS) ដែលបង្កើតឡើងកាលពីខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់មួយ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីអវកាសរបស់សិង្ហបុរី តាមរយៈភាពជាដៃគូអន្តរជាតិ។

លោកបណ្ឌិត ហ៊ីរ៉ូស៊ី យ៉ាម៉ាកាវ៉ា (Hiroshi Yamakawa) ប្រធានទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងចំពេលដែលប្រទេសទាំងពីរអបអរសាទរខួប ៦០ឆ្នាំនៃទំនាក់ទំនងការទូត ហើយវានឹងជួយរួមចំណែកដល់ការដោះស្រាយបញ្ហាសកលតាមរយៈវិទ្យាសាស្ត្រអវកាស ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNA | រូបភាព៖ Spacetide Foundation/ NTU Singapore.