ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុង ម៉ៃសាក់ បង្កគ្រោះមហន្តរាយទឹកជំនន់ដ៏ខ្លាំងក្លានៅក្នុងប្រទេសចិន សម្លាប់មនុស្ស ១៥នាក់ និងជិត ៥ម៉ឺននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង

image

ចិន៖ ឥទ្ធិពលព្យុះទីហ្វុង ម៉ៃសាក់ (Maysak) បានបង្កជាគ្រោះមហន្តរាយទឹកជំនន់ដ៏ខ្លាំងក្លា បន្ទាប់ពីបោកបក់ឆ្លងកាត់កោះហៃណាន ព្រំដែនវៀតណាម និងបាននាំមកនូវភ្លៀងធ្លាក់យ៉ាងគំហុកដោយបំផ្លិចបំផ្លាញតំបន់ស្វយ័តក្វាងស៊ី ជួង (Guangxi Zhuang) ភាគខាងត្បូងប្រទេសចិន ចាប់តាំងពីថ្ងៃទី៣ ខែកក្កដាមក ។
 
យោងតាមរបាយការណ៍ ភ្លៀងធ្លាក់ខ្លាំងដ៏ជោកជាំនេះ បានបណ្តាលឱ្យធ្លាយ និងបាក់ទំនប់ទឹកសំខាន់ៗចំនួនពីរ គឺទំនប់ លីវឡាន (Liulan) និងទំនប់ យុនបៀវ (Yunbiao) នៅក្នុងក្រុង ហេងចូវ (Hengzhou) ដែលធ្វើឱ្យទឹកជំនន់ដ៏សាហាវហូរលិចលង់កាត់ផ្តាច់ភូមិឋាន ផ្លូវថ្នល់ ផ្ទះសម្បែង និងដីស្រែចំការរបស់ប្រជាពលរដ្ឋស្ទើរតែទាំងស្រុង ។
 
គ្រោះមហន្តរាយធម្មជាតិនេះ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២ នាក់ស្លាប់ ក្រោយបាក់ទំនប់ទឹកនៅភាគខាងត្បូង។ ទោះជាយ៉ាងណាក្ដី បើបូករួមទាំងជនរងគ្រោះពីគ្រោះថ្នាក់ព្យុះភ្លៀងបោកបក់នៅភាគកណ្តាល និងភាគខាងជើងប្រទេសចិនផងនោះ នាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់ ១៥ នាក់ ខណៈពលរដ្ឋប្រមាណ ៤៨,០០០ នាក់ ត្រូវអាជ្ញាធរជម្លៀសចេញពីតំបន់គ្រោះថ្នាក់ជាបន្ទាន់ ។
 
ដោយសារតែសភាពការណ៍ឈានដល់ដំណាក់កាលគ្រោះថ្នាក់ខ្លាំង អាជ្ញាធរក្រុង ណាននីង (Nanning) បានដំឡើងកម្រិតឆ្លើយតបអាសន្ននៃគ្រោះទឹកជំនន់ទៅដល់ «កម្រិតទី ១» ដែលជាកម្រិតខ្ពស់បំផុត ខណៈក្រសួងគ្រប់គ្រងស្ថានភាពអាសន្នរបស់ចិន បានបញ្ជូនកម្លាំងសង្គ្រោះជាង ១,០០០ នាក់ រួមជាមួយគ្រឿងចក្រ ទូក និងដ្រូន (យានគ្មានមនុស្សបើក) ដើម្បីសម្រុកចុះជួយជនរងគ្រោះ និងចែកស្បៀងអាហារ ។
 
ទោះជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ចិន កាលពីថ្ងៃអង្គារ នៅតែបន្តរក្សាការប្រកាសអាសន្នពណ៌ទឹកក្រូច ដ្បិតទឹកទន្លេចំនួន ២៩ ខ្សែ នៅទូទាំងតំបន់ក្វាងស៊ី បានហក់ឡើងខ្ពស់ហួសកម្រិតប្រកាសអាសន្នទៅហើយ ស្របពេលខ្សែរថភ្លើងល្បឿនលឿនត្រូវបានផ្អាក ខណៈអ្នកជំនាញព្រមានថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំងជាច្រើនថ្ងៃទៀត ដែលអាចបង្កឱ្យមានគ្រោះបាក់ដី និងជំនន់ឆាប់រហ័សបន្ថែម ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Getty Images