ព័ត៌មានជាតិ

សម្ដេច​តេជោ​ ហ៊ុន​ សែន​ ព្យាករណ៍ថា ក្រោយឆ្នាំ២០៣០ សេដ្ឋកិច្ច​កម្ពុជា​ នឹងហក់ឡេីងខ្ពស់​ ដោយខេត្ដទិសឦសាន មានសក្កានុពល​​ កសិ-ឧស្សាហកម្ម​ និងធនធានរ៉ែ

image

រតនគិរី៖​ សម្ដេច​តេជោ ហ៊ុន សែន បានបង្ហាញជំនឿចិត្ដថា​សម្រាប់ខេត្ដរតនគិរី​ នឹងមានការរីកចម្រើន​ខ្លាំងនៅពេលខាងមុខ​ ដោយសម្ដេចបានថ្លែងថា​ បច្ចុប្បន្ន​នេះយើងអាចមិនទា​ន់ឃើញពីភាពរីកចម្រើន និងអភិវឌ្ឍន៍​ របស់ខេត្ដនេះក៏ប៉ុន្ដែការលើកឡើងនេះដោយសារគេប្រហែលជាមិនទាន់ឃើញពីអនាគតនៃខេត្ដរតនគិរី រួមទាំងខេត្ដនៅទិសឦសាន ។

មានប្រសាសន៍​បែបនេះនាឱកាសដែលសម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធ​សភា​ ដំណើរអញ្ជើញចុះទៅកាន់មូលដ្ឋានដើម្បីជួបសំណេះសំណាលជាមួយមន្ដ្រីក្រុ​មប្រឹក្សា​ ខេត្ដ​ ក្រុង​ ឃុំ​ ស្រុក​ សង្កាត់​ និងមន្ទីរអង្គភាពនានាជុំវិញខេត្ដរតនគិរី​ នាព្រឹកថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០២៦នេះ​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បានដាក់ការព្យាករណ៍ថា​ ក្រោយឆ្នាំ២០៣០​ សេដ្ឋកិច្ច​កម្ពុជានឹងហក់ឡើង​ នៅពេលដែលយើងមានសក្កានុពល​ កាន់តែខ្លាំងលើដំណាំ​ ឧស្សាហកម្ម​ និងការកែច្នៃ​ បូកជាមួយធនធានរ៉ែដែលយើងយកមកប្រើប្រាស់។

សម្ដេចបានបន្ថែមថា​ នៅខេត្ដទិសឦសាន​ ក្រចេះ​ មណ្ឌលគិរី​ រតនគិរី​សុទ្ធតែសមត្ថភាពផលិតមាស​ នឹងបន្ដផលិតឲ្យបានកាន់តែច្រេីន ហើយស្របជាមួយគ្នានេះនៅពេលខាងមុខនឹងបន្ដសិក្សាលក្ខណ:បច្ចេកទេស​ដោយកន្លែងខ្លះ អាចនឹងមានធ្យូងថ្មដែលអាចយកមកប្រើប្រាស់បាន​។

យោងតាមរបាយការណ៍របស់​ លោក ញ៉ែម​ សំអឿន​ អភិបាលខេត្ដរតនគិរី​ ជុំវិញវិស័យកសិកម្ម៖ ខេត្តមានផ្ទៃដីដាំកៅស៊ូសរុប ៧១.៣៥៦,៧ ហិកតា និងមាន ផ្ទៃដីចៀរ ជ័រ ៦២.៥៨៦,៤ ហិកតា និងទទួលបានផលជាមធ្យម ១,២តោន/ហិកតា។ ខេត្តបាននាំចេញកៅស៊ូក្រែប តាមច្រកទ្វាអូរយ៉ាដាវប្រចាំខែប្រមាណ ១.០៥០តោន ដោយក្នុងមួយថ្ងៃផលិតបាន ៣៥តោន និង មានតម្លៃនាំចេញ ១.៨៥០ដុល្លា/តោន ។

ដោយឡែកវិស័យវិស័យឧស្សហកម្ម៖ មានរោងចក្រធុនធំចំនួន ៩រោងចក្រ ក្នុងនោះ៖ រោងចក្រកែ ច្នៃកៅស៊ូចំនួន៥, កែច្នៃចេកចំនួន២, កែច្នៃកៅស៊ូ ដូងប្រេង ផ្លែឈើចំនួន១ និងកែច្នៃ ដំឡូង មីចំនួន១ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មមានចំនួន ៣៣២ មូលដ្ឋាន។

បន្ថែម​ពីនោះវិស័យរ៉ែ និងថាមពល៖ អាជីវកម្មលើវិស័យធនធានរ៉ែ មានដូចជា៖ ឧស្សាហកម្មរ៉ែមាសមាន ២ក្រុមហ៊ុន(ឥណ្ឌា និងចិន) នៅស្រុកអូរយ៉ាដាវ អាជីវកម្មថ្មអារមាន ១០ក្រុមហ៊ុន (ខ្មែរ និងចិន) នៅស្រុកលំផាត់។​ អាជីវកម្មថ្មសំណង់មាន ៣ក្រុមហ៊ុន (ខ្មែរ) នៅស្រុកអូរជុំ និងស្រុកលំផាត់ អាជីវកម្មខ្សាច់ សំណង់មាន ៨ក្រុមហ៊ុន (ខ្មែរ) នៅស្រុក វើនសៃ ស្រុកលំផាត់ និងស្រុកកូនមុំ៕

អត្ថបទ​៖​ឈឹម​ ធីតា រូបភាព​៖​ ង៉ាន់​ សំណាង​