ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ចេញមុខប្រឆាំងអាម៉េរិក ដែលបើកផ្លូវលក់យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 ទៅឱ្យតួកគីយេ ឡើងវិញ

image

អ៊ីស្រាអ៊ែល៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែល លោក ហ្គីឌឿន សា (Gideon Sa'ar) កាលពីថ្ងៃអង្គារ បានចេញមុខប្រឆាំងរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ចំពោះការបើកផ្លូវលក់យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 ទៅឱ្យប្រទេសតួកគីយេ ឡើងវិញ ។
 
ការចេញមុខប្រតិកម្មយ៉ាងខ្លាំងពីសំណាក់អ៊ីស្រាអ៊ែលនាពេលនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសជាសាធារណៈនៅក្នុងជំនួបជាមួយប្រធានាធិបតីតួកគីយេ លោក រ៉េសិប ថាយីប អ៊ើរដូហ្គាន់ (Recep Tayyip Erdogan) ក្នុងកិច្ចប្រជុំកំពូលណាតូ (NATO) ថា រដ្ឋបាលរបស់លោក កំពុងពិចារណាបញ្ចូលតួកគីយេ ទៅក្នុងកម្មវិធីយន្តហោះចម្បាំងនេះឡើងវិញ ។
 
គួររំឭកថា តួកគីត្រូវសហរដ្ឋអាម៉េរិក ដកចេញពីកម្មវិធីផលិតយន្តហោះចម្បាំង F-35 កាលពីឆ្នាំ ២០១៩ ក្រោមហេតុផលថា ទីក្រុងអង់ការ៉ាបានបញ្ជាទិញប្រព័ន្ធការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី ដែលជាសត្រូវប្លុកយោធាខាងកើត ប៉ុន្តែនៅពេលនេះ លោក ត្រាំ បានបង្ហាញសញ្ញាដែលអាចនឹងបង្វែរការសម្រេចចិត្តនោះវិញ ។
 
ជុំវិញបញ្ហានេះ ភាគីអ៊ីស្រាអ៊ែល សង្កត់ធ្ងន់ថា ខ្លួនប្រឆាំងដាច់ខាត ដ្បិតវាជាចំណុចគន្លឹះដ៏សំខាន់ដែលអ៊ីស្រាអ៊ែលត្រូវរក្សាឧត្តមភាពយោធាលំដាប់ខ្ពស់នៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក យ៉ូហាន វ៉ាដេភុល (Johann Wadephul) ក៏បានចូលរួមដឹងឮក្នុងសន្និសីទកាសែតរួមគ្នានៅទីក្រុងយ៉េរ៉ូសាឡឹមផងដែរ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ EPA Images via FMT/ VIORY.