ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី៖ ការផ្តល់ប្រព័ន្ធការពារដែនអាកាសថ្មីៗទៅឱ្យទីក្រុងគៀវ នឹងមិនអាចរារាំងទីក្រុងមូស្គូ ឱ្យបញ្ឈប់គោលដៅយោធារបស់ខ្លួនឡើយ

image

រុស្ស៊ី៖ លោក ឌីមីទ្រី ប៉េស្កូវ (Dmitri Peskov) អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃអង្គារ បានប្រកាសថា រាល់ការប្រគល់ប្រព័ន្ធការពារដែនអាកាស និងអាវុធទំនើបៗថ្មីៗរបស់ប្លុកណាតូ (NATO) ទៅឱ្យទីក្រុងគៀវ គឺមិនអាចរារាំង ឬបញ្ឈប់កងទ័ពរុស្ស៊ី ពីការបន្តប្រតិបត្តិការយោធារបស់ខ្លួនបានឡើយ ។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ គូសបញ្ជាក់ថា ទោះបីជាអ៊ុយក្រែន ព្យាយាមសុំអាវុធវាយលុក និងការពារខ្លួនបន្ថែមពីបស្ចិមលោកយ៉ាងណាក៏ដោយ ក៏រុស្ស៊ីនៅតែរក្សាជំហរបន្តធ្វើសង្រ្គាមរហូតដល់សម្រេចបានគោលដៅទាំងស្រុង ប៉ុន្តែលោកក៏បង្ហើបដែរថា រុស្ស៊ីនៅតែបើកផ្លូវ និងផ្តល់អាទិភាពខ្ពស់ទៅលើដំណោះស្រាយតាមផ្លូវការទូត និងនយោបាយ ប្រសិនបើទីក្រុងគៀវ មានឆន្ទៈចរចាពិតប្រាកដ ។

ជាមួយគ្នានេះ ភាគីរុស្ស៊ីបានប្រកាសថា ខ្លួនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូ លើកទី ៣៦ ដែលកំពុងប្រព្រឹត្តទៅនៅថ្ងៃទី ៧ និងទី ៨ ខែកក្កដា នៅក្នុងទីក្រុងអង់ការ៉ា (Ankara) ប្រទេសតួកគីយេ ដ្បិតរុស្ស៊ីមើលឃើញថា សេចក្តីថ្លែងការណ៍មុនកិច្ចប្រជុំរបស់ប្លុកយោធានេះ មានចរិតលក្ខណៈចង់ប្រឈមមុខដាក់គ្នា ជាជាងការចង់សហការ ។

កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃរបស់អង្គការណាតូ នៅទីក្រុងអង់ការ៉ា ប្រមូលផ្តុំទៅដោយថ្នាក់ដឹកនាំកំពូលៗជាច្រើនរូប ដើម្បីជជែកពិភាក្សាផ្ដោតលើការបង្កើនកញ្ចប់ថវិកាការពារជាតិ សន្តិសុខតំបន់ឆ្លងមហាសមុទ្រអាត្លង់ទិក និងយុទ្ធសាស្ត្រជួយជ្រោមជ្រែងផ្នែកយោធាបន្ថែមដល់អ៊ុយក្រែន ដែលចំណុចទាំងនេះហើយទើបធ្វើឱ្យរុស្ស៊ីប្រកាសអាសន្ន និងតាមមើលរាល់ការចុះហត្ថលេខាលើឯកសារផ្សេងៗមិនឱ្យចន្លោះភ្នែកឡើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ U.S. Department of War.