ព័ត៌មានជាតិ

កម្ពុជា បានអនុម័ត និងត្រៀមដាក់ឱ្យអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ដោយគ្រោងចំណាយថវិកាសរុបជាង ១,២ពាន់លានដុល្លារ

image


ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័ត និងត្រៀមដាក់ឱ្យអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ក្នុងគោលដៅបង្កើតមុខរបរ និងការងារ ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ ខណៈប្រទេសកំពុងប្រឈមនឹងផលប៉ះពាល់ពីវិបត្តិជាច្រើនទាំងក្នុង និងក្រៅប្រទេស។

ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ រវាងរាជរដ្ឋាភិបាល និងក្រុមបេសកកម្ម Article IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មរបស់ IMF សម្រាប់កម្ពុជា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

បើតាមលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា កម្មវិធីអន្តរាគមន៍នេះ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបនឹងផលប៉ះពាល់ពីពហុវិបត្តិ ដែលរួមមានការកើនឡើងថ្លៃប្រេងឥន្ធនៈដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលសុទ្ធសឹងជាកត្តាបង្កសម្ពាធដល់សកម្មភាពសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ។

លោកអគ្គបណ្ឌិតសភាចារ្យ សង្កត់ធ្ងន់ថា កម្មវិធីនេះ ប្រកាន់យកអភិក្រមគាំពារប្រជាជនក្រីក្រ ដោយត្រូវបានរៀបចំជា ៣ កញ្ចប់អន្តរាគមន៍សំខាន់ៗ រួមមាន៖ កញ្ចប់វិធានការ ទី១ ផ្តោតលើការ-រក្សាលំនឹងជីវភាព ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ, កញ្ចប់វិធានការ ទី២ ផ្តោតលើការផ្តល់ការបណ្តុះបណ្តាលជំនាញបចេ្ចកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតមុខរបរ និងកញ្ចប់អន្តរាគមន៍ទី ៣ ផ្តោតលើការគ្រប់គ្រង, ការធ្វើអន្តរកម្ម និងការបំប្លែងថាមពល។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាល បានប៉ាន់ប្រមាណថា កម្មវិធីអន្តរាគមន៍នេះ នឹងត្រូវចំណាយថវិកាសរុបប្រមាណ ១ ២៤៤លានដុល្លារអាម៉េរិក ដែលនឹងត្រូវផ្គត់ផ្គង់ពីប្រភពហិរញ្ញប្បទានចំនួន ៤ រួមមាន ថវិការដ្ឋ ធនធានរបស់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ការចំណាយសារពើពន្ធ និងថវិកាពីដៃគូអភិវឌ្ឍន៍។

បន្ថែមពីលើកម្មវិធីអន្តរាគមន៍នេះ រាជរដ្ឋាភិបាល ក៏បានបន្តអនុវត្តវិធានការបន្ទាន់មួយចំនួន ដូចជា ការអនុគ្រោះពន្ធលើទំនិញនាំចូលមួយចំនួន រួមទាំងប្រេងសាំង ម៉ាស៊ូត និងឧបករណ៍អគ្គិសនីមួយចំនួន ដើម្បីកាត់បន្ថយសម្ពាធនៃការកើនឡើងថ្លៃទំនិញ និងជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងអាជីវកម្ម។

រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងជំរុញការកែទម្រង់ជារចនាសម្ព័ន្ធរយៈពេលមធ្យម និងវែង តាមរយៈការអនុវត្តកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការកែលម្អបរិយា កាសធុរកិច្ច និងការធ្វើឌីជីថលភាវូបនីយកម្មសេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន និងពង្រឹងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។

ជាមួយគ្នានេះ លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម ក៏បានលើកឡើងថា អំពីវិធានការអន្តរាគមន៍ដែលរាជរដ្ឋាបាលកម្ពុជា បានដាក់អនុវត្តបន្ទាន់ ដូចជា ការអនុវត្តគោលនយោ បាយសារពើពន្ធក្នុងរយៈពេលបណ្តោះអាសន្ន ដែលសំដៅគាំទ្រដល់ប្រជាជន និងវិស័យចំគោលដៅ នឹងចូលរួមកាត់បន្ថយផលប៉ះពាល់ជាអវិជ្ចមានពីវិបត្តិដែលកម្ពុជា កំពុងរងផលប៉ះពាល់ និងអាចរុញច្រានកំណើនសេដ្ឋកិច្ច។

លោក ក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលមធ្យម តាមរយៈការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ, ការពង្រឹងអភិបាលកិច្ច, ការធ្វើពិពិធកម្មទីផ្សារនាំចេញ, ការពង្រឹងសន្តិសុខថាមពល, និងការពង្រឹងការរក្សា និងចែករំលែកទិន្នន័យ ជាដើម។

សូមជម្រាបថា ផ្អែកតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ត្រូវបានប៉ាន់ស្មានថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ នឹងមានកំណើនក្នុងរង្វង់ ៣% ប៉ុណ្ណោះ។ ការប៉ាន់ប្រមាណ នេះ គឺទាបជាងការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញុ ដែលថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន ៤,២% នៅឆ្នាំ២០២៦នេះ៕

អត្ថបទ៖ ចេង ឆហួត