លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញសិស្សមន្ត្រីសាលាភូមិន្ទរដ្ឋបាល យកចំណេះដឹងទៅបម្រើពលរដ្ឋ និងលើកកម្ពស់គុណភាពសេវាសាធារណៈ
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជំរុញដល់សិស្សមន្ត្រី និងសិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ ឱ្យយកចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបានពីការបណ្តុះបណ្តាល ទៅអនុវត្តជាក់ស្តែងនៅតាមស្ថាប័នរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងធ្វើឱ្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល ដែលប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ដែលអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងទៅកាន់អង្គពិធី លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលចាត់ទុកមន្ត្រីរាជការជា «ទ្រព្យសម្បត្តិដ៏មានតម្លៃ» របស់ជាតិ ដែលត្រូវបន្តវិនិយោគលើការអភិវឌ្ឍសមត្ថភាពជាប្រចាំ ទាំងចំណេះដឹង ជំនាញ វិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍប្រទេស។
លោកបានអំពាវនាវឱ្យសិស្សមន្ត្រីទាំងអស់ ដែលជាធនធានមនុស្សមានសក្តានុពលរបស់កម្ពុជា ប្រើប្រាស់ចំណេះដឹងដែលទទួលបានទៅពង្រឹងសមត្ថភាពស្ថាប័នរបស់ខ្លួន ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងលើកកម្ពស់គុណភាពសេវាសាធារណៈ ដើម្បីឆ្លើយតបកាន់តែមានប្រសិទ្ធភាពទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ានី ក៏បានលើកឡើងថា សាលាភូមិន្ទរដ្ឋបាល មិនត្រឹមតែជាគ្រឹះស្ថានបណ្តុះបណ្តាលចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងកសាងឧត្តមគតិ វិន័យ និងស្មារតីទទួលខុសត្រូវរបស់មន្ត្រីរាជការ ដើម្បីបង្កើតអ្នកដឹកនាំដែលមានសមត្ថភាព គុណធម៌ និងការប្តេជ្ញាចិត្តបម្រើជាតិ និងប្រជាពលរដ្ឋ។
លោកបានសង្កត់ធ្ងន់ថា ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីសាលាភូមិន្ទរដ្ឋបាល គឺជាមូលធនដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍអាជីពការងារ ដោយផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងសមធម៌។
ជាមួយគ្នានេះ លោកបានបង្ហាញជំនឿថា អ្នកដែលបានឆ្លងកាត់ការបណ្តុះបណ្តាលពីសាលាភូមិន្ទរដ្ឋបាល នឹងក្លាយជាអ្នកដឹកនាំជំនាន់ថ្មី ដែលមានសមត្ថភាព មនសិការវិជ្ជមាន និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិទាំងបច្ចុប្បន្ន និងអនាគត។
ក្នុងឱកាសនោះ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានឱ្យដឹងថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៥ សាលាភូមិន្ទរដ្ឋបាល បានបណ្តុះបណ្តាលមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សរុប ៣៨,០៩៥នាក់ ក្នុងនោះស្ត្រី ៨,៨៤២នាក់ តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេលវែង និងរយៈពេលខ្លី។
ដោយឡែក សម្រាប់ឆ្នាំ២០២៦ សាលាភូមិន្ទរដ្ឋបាល កំពុងបណ្តុះបណ្តាលសិស្សមន្ត្រី និងកម្មសិក្សាការីសរុប ៧៤៦នាក់ ក្នុងនោះស្ត្រី ១៤៣នាក់។ សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងពីការបន្តពង្រឹងការកសាងធនធានមនុស្សក្នុងវិស័យសាធារណៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការនៅគ្រប់កម្រិត៕
អត្ថបទ៖ វង សុភ័ក្ត្រ