ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្ដស្ទឹងត្រែង ជាង៦០០នាក់

image

ស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភា បន្ដចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ ស្ទឹងត្រែង ។

នេះជាជំនួបទី១៩ហើយ ជារាជធានី-ខេត្ដទី២២ បន្ទាប់ពីចាប់ផ្ដេីមដំបូងពីចេញខេត្ដកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប ឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ក្រចេះ មណ្ឌលគិរី រតនគិរី ដែលកម្មវិធីនាឱកាសនេះមានការអញ្ជើញចូលរួមពីមន្ដ្រីក្រុមប្រឹក្សាឃុំ-សង្កាត់ជុំវិញខេត្ដ ជាង៦០០នាក់។

ខេត្តស្ទឹងត្រែង ស្ថិតនៅភាគឦសាននៃប្រទេស មានព្រំប្រទល់ខាងជើងជាប់ខេត្តពីរនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ គឺខេត្តចំប៉ាសាក់ និងខេត្តអត្តពឺ ខាងត្បូងជាប់ខេត្តក្រចេះ និងខេត្ត មណ្ឌលគិរី ខាងកើតជាប់ខេត្តរតនគិរី និងខាងលិចជាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។

សណ្ឋានដីជាតំបន់ខ្ពង់រាប មានវាលទំនាប និងភ្នំខ្ពស់ៗនៅជ្រុងទិសឦសាន។ ខេត្តមានទន្លេបួនហូរកាត់ ហើយទន្លេមេគង្គកាត់ ចំកណ្តាលខេត្ត ពីជើងទៅត្បូងចាប់ពីព្រំប្រទល់ប្រទេសឡាវដល់ខេត្តក្រចេះ ជាប្រភពនៃធនធានមច្ឆាជាតិ និងប្រព័ន្ធជីវៈចម្រុះ។

ខេត្ដស្ទឹងត្រែង កំពុងអភិវឌ្ឍន៍និងរីកចម្រើនគួរឲ្យកត់សម្គាល់ ក្រោមការដឹកនាំរបស់លោក សរ សុពុត្រា ដែលបានរៀបចំផែនការច្បាស់លាស់ ដោយមានមន្រ្តីក្រោមឱវាទពាក់ព័ន្ធចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើយ៉ាងណាឲ្យខេត្តកាន់តែទទួលការចាប់អារម្មណ៍ពីសាធារណជនថែមទៀត។

ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្តនេះ ដើម្បីលើកកម្ពស់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ដោយផ្អែកលើប្រវត្តិសាស្រ្តផងដែរ ក៏ដូចជាលើកកម្ពស់សោភណភាព សុខភាព និងសុខមាលភាពសង្គម ជាពិសេសនៅទីប្រជុំជនក្នុងក្រុងស្ទឹងត្រែងតែម្តង ។

ដោយលោក សរ សុពុត្រា បានដឹកនាំកសាងទីលានតេជោ-ធិបតី និងសួនសុវណ្ណភូមិ ក្នុងនោះកន្លែងខ្លះ ក៏មានការកែលំអរនិងស្ថាបនាឡើងវិញដែរ ដូចជា បូជនីយ៍ដ្ឋានភ្នំព្រះធាតុ សួនកម្សាន្តសម្រាប់កុមារ និងមនុស្សពេញវ័យ ទីលានលំហាត់ប្រាណនៅជុំវិញខេត្ត ។ ក្រៅពីនោះ ក៏មានការកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត តួយ៉ាងដូចជា “សួនបវរធិបតី” ត្រូវបានរៀបចំកែលម្អឲ្យក្លាយជាសួនច្បារសាធារណៈដ៏ស្រស់ស្អាត។ សម្រាប់ផ្លូវថ្នល់ និងផ្លូវជាតិក៏ត្រូវជួសជុលនិងថែទាំជាបន្តបន្ទាប់ ដើម្បីទាក់ទាញ់អ្នកទេសចរជាតិ-អន្តរជាតិចូលទស្សនា ខណៈខេត្តមួយនេះសម្បូរតំបន់ទេសចរណ៍សំខាន់ៗជាច្រើនកន្លែងផងដែរ ។

សូមជម្រាបថា ការចុះជួបសំណេះសំណាលនេះជាសកម្មភាពដែលសម្ដេចតេជោ ហ៊ុន សែន តែងតែអនុវត្ដជាប់ជាប្រចាំ ដើម្បីជួបផ្ទាល់ដឹងសុខទុក្ខ និងស្ដាប់នូវរបាយការណ៍ពីថ្នាក់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ផ្ទាល់ ដើម្បីក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

តាមរយៈការចុះជួបសំណេះសំណាលជាមួយន្ដ្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ២១ខេត្ដកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភា តែងតែបានក្រើនរំលឹកទៅកាន់មន្ដ្រីមូលដ្ឋានឱ្យត្រូវយកចិត្ដទុកដាក់ពីសុខទុក្ខ តម្រូវការចំបាច់ផ្សេងៗរបស់ប្រជាពលរដ្ឋ ពិសេសការបម្រើសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ដោយជៀសវាងអោយបាននូវការថ្នាំងថ្នាក់រវាងប្រជាជន និងមន្រ្ដីនៅមូលដ្ឋាន។

គោលបំណងសំខាន់មួយទៀតគឺពង្រឹងភាពជិតស្និទ្ធ និងការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។

តាមការគ្រោងទុក សម្ដេចតេជោ ហ៊ុន សែន នឹងបន្ដទៅជួបសំណេះសំណាលជាមួយមន្ត្រីរាជការជាសមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ បន្ដនៅទូទាំងប្រទេសកម្ពុជា៕

អត្ថបទ៖ ឈឹម ធីតា រូបភាព៖ ង៉ាន់ សំណាង