ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកទំនប់វារីអគ្គិសនីសេសានក្រោម២ ថាបានរួមចំណែកទ្រទ្រង់វិស័យអគ្គិសនី និងស្ថិរភាពសេដ្ឋកិច្ច នៅកម្ពុជា

image

ស្ទឹងត្រែង៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា ពីអតីតកាលតើនណារទៅអាចនឹកដល់ថា ខេត្ដស្ទឹងត្រែង មានការរីកចម្រើនយ៉ាងដូចនេះ ដោយបច្ចុប្បន្នខេត្តស្ទឹងត្រែងមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ មានស្ពានឆ្លងកាត់ទន្លេកុង និងស្ពានឆ្លងកាត់ទន្លេមេគង្គ ពិសេសទំនប់វារីអគ្គិសនីសេសានក្រោម២ ។

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីក្នុងខេត្តស្ទឹងត្រែង នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្ដថា ខេត្តស្ទឹងត្រែងមានឧស្សាហកម្មធុនធ្ងន់មួយ នោះគឺវារីអគ្គិសនីសេសានក្រោម២ ដែលមានអនុភាពជាង៤០០មេហ្គាវ៉ាត់ ដែលនេះជាប្រភេទឧស្សាហកម្មធុនធ្ងន់ ដែលបានរុញការប្រើប្រាស់ និងត្រូវបានចែកចាយទៅកាន់ រាជធានី-ខេត្ត ដើម្បីទ្រទ្រង់វិស័យអគ្គីសនី និងស្ថិរភាពសេដ្ឋកិច្ច។

ទំនប់វារីអគ្គិសនីសេសានក្រោម២ គឺជាប្រភព ថាមពល អគ្គិសនីដ៏មានអានុភាពបំផុត របស់ប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុង ភូមិសាស្ត្រនៃឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្រៅពីមានសមត្ថភាពផលិតអគ្គិសនីដ៏ធំបំផុតក្នុងប្រទេសកម្ពុជា ក៏ត្រូវបានគេវាយតម្លៃ ជា ប្រភពវារីអគ្គិសនី ដែលមានខ្នងទំនប់វែងជាងគេបំផុតនៅក្នុងតំបន់អាស៊ី ដែលមានប្រវែងរហូតដល់ ៦,៥ គីឡូម៉ែត្រ។

សូមជម្រាបថា ទំនប់វារីអគ្គិសនីសេសានក្រោម២ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដែលបានដាក់ឲ្យដំណើរការ កាលពីខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រាដែលសម្តេចកាន់តួនាទីជានាយករដ្ឋមន្ត្រី៕

អត្ថបទ៖ ឈឹម ធីតា រូបភាព៖ ង៉ាន់ សំណាង