ព័ត៌មានជាតិ

ពលរដ្ឋកម្ពុជារងគ្រោះដោយអំពើឈ្លានពានរបស់ថៃនៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ សូមឱ្យភាគីថៃគោរពបទឈប់បាញ់ គោរពច្បាប់អន្តរជាតិ និងឈប់ឈ្លានពានទឹកដីកម្ពុជា

image

ពោធិ៍សាត់៖ ពលរដ្ឋរងគ្រោះដោយអំពើឈ្លានពានរបស់ថៃ និងពលរដ្ឋភៀសសឹក នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ សូមឱ្យភាគីថៃគោរពបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ គោរពច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជា ឈប់ឈ្លានពានទឹកដីកម្ពុជា និងត្រូវដកកម្លាំង រុះរើទូរកុងតឺន័រចេញពីទឹកដីកម្ពុជា ប្រគល់ទឹកដីផ្ទះសម្បែងឱ្យមកពលរដ្ឋកម្ពុជាវិញ។

ពលរដ្ឋរងគ្រោះពីអំពើឈ្លានពានរបស់ថៃ បានលើកឡើងថា ពួកគាត់គ្មានផ្ទះសម្បែងសម្រាប់រស់នៅ និងមិនទាន់បានចូលទៅរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញនៅឡើយទេរហូតមកដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយសារផ្ទះសម្បែងរបស់ពួកគាត់ត្រូវគ្រាប់ប្លោងរបស់យោធាថៃខ្ទេចខ្ទីគ្មានសល់ និងមួយចំនួនមិនហានចូលទៅរស់នៅក្នុងលំនៅឋានដែលនៅកៀកនឹងនឹងព្រំដែន ឬតំបន់មានជម្លោះ ដោយភ័យខ្លាច ការគំរាមកំហែង និងការធ្វើទុកបុកម្នេញពលរដ្ឋកម្ពុជាពីសំណាក់យោធាថៃ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនវនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រឆាំងយ៉ាងដាច់អហង្ការចំពោះសកម្មភាពកែប្រែស្ថានភាពដើមលើដីជាក់ស្តែង (fait accompli) របស់កងកម្លាំងថៃ បើទោះបីមានបទឈប់បាញ់រវាងយោធាកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយក៏យោធាថៃបានបន្តសកម្មភាពបំពានទឹកដីកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្តែងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ កងកម្លាំងថៃបានដាក់ទូកុងតឺន័រ រាយបន្លាលួស និងលើកទង់ជាតិរបស់ខ្លួននៅតំបន់ថ្មដា ក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រៅពីនេះនៅតាមទីតាំងជាច្រើនទៀតនៃដែនអធិបតេយ្យភាពកម្ពុជា ក៏ត្រូវបានយោធាថៃរំលោភបំពាន មានដូចជា តំបន់បឹងត្រកួន ភូមិជោគជ័យ និងភូមិព្រៃចាន់ ព្រមទាំងតំបន់ប្រាសាទមួយចំនួនទៀត ដែលជាការរំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត។

ទន្ទឹមនេះ ទាហានឈ្លានពានថៃ បានបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍ ការរៀបចំពិធីសាសនានៅតាមប្រាសាទដែលជាបេតិកភណ្ឌវប្បធម៌ និងសាសនារបស់កម្ពុជា ព្រមទាំងបំផ្លាញ និងជំនួសរូបសំណាកសាសនាផ្សេងទៀតទៅវិញ ទោះបីជាកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការម្តងហើយម្តងទៀតយ៉ាងណាក៏ដោយ សកម្មភាពទាំងនេះ នៅតែបន្តរហូតមកដល់ពេលបច្ចុប្បន្ន។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ម្តងហើយម្តងទៀត គឺកម្ពុជាប្រឆាំងយ៉ាងដាច់អហង្ការចំពោះសកម្មភាពកែប្រែស្ថានភាពដើមលើដីជាក់ស្តែង (fait accompli) របស់កងកម្លាំងថៃ លើដែនអធិបតេយ្យភាពកម្ពុជា ហើយកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើប្រាស់កម្លាំងណាមួយនោះទេ។

ក្រៅពីនេះរាជរដ្ឋាភិបាលកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការ និងតវ៉ាជាផ្លូវការចំពោះសកម្មភាពឈ្លានពានទាំងនេះ ហើយបានអំពាវនាវដល់ភាគីថៃឱ្យគោរពច្បាប់អន្តរជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ហើយការបន្តរំលោភបំពាននេះ នឹងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងនៅតាមបណ្តោយព្រំដែន ដែលទាមទារឲ្យមានការដោះស្រាយដោយសន្តិវិធី និងគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ។

រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ខ្ជាប់គោរព ស្មោះត្រង់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង រវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ក្រោមការសម្របសម្រួលរបស់ក្រសួងព័ត៌មាន ក្រុមអ្នកសារព័ត៌មានជាតិជាច្រើនអង្គភាព បានចុះទៅផ្តិតយករូបភាពទីតាំងរំលោភបំពាននេះ នៅឃុំថ្មដារ ខេត្តពោធិ៍សាត់ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ដោយសង្កេតឃើញថា យោធាថៃនៅតែបន្តសកម្មភាពឈ្លានពានទឹកដីកម្ពុជា និងបង្កភាពភ័យខ្លាដល់ពលរដ្ឋកម្ពុជារៀងរាល់ថ្ងៃ៕

អត្ថបទ៖​ គង់​ ប៊ុនណា