ព័ត៌មានជាតិ

ពីទិសឧត្ដរ ! សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្ដព្រះវិហារ ជាង៨០០នាក់

image

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភា បន្ដចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ ខេត្ដព្រះវិហារ ។
នេះជាជំនួបទី២០ហើយ ជារាជធានី-ខេត្ដទី២៣ បន្ទាប់ពីចាប់ផ្ដេីមដំបូងពីចេញខេត្ដកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប ឧត្ដរមានជ័យ បន្ទាយមានជ័យ, បាត់ដំបង ប៉ៃលិន ក្រចេះ មណ្ឌលគិរី រតនគិរី និង ស្ទឹងត្រែង ដែលកម្មវិធីនាឱកាសនេះមានការអញ្ជើញចូលរួមពីមន្ដ្រីក្រុមប្រឹក្សាឃុំ-សង្កាត់ជុំវិញខេត្ដ ប្រមាណជាង៨០០នាក់។
ខេត្តព្រះវិហារ ស្ថិតនៅភាគឧត្តរ នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ ២៩៤គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តព្រះវិហារមានប្រជាពលរដ្ឋរស់នៅសរុបប្រមាណ ៧២ពាន់គ្រួសារ ស្មើនឹង ២៨៧ពាន់នាក់។ ខេត្តព្រះវិហារមានមន្ត្រីរាជការស៊ីវិលសរុប ៤.១៨២នាក់។
ខេត្តព្រះវិហារ ក៏ដូចជាបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ក៏ត្រូវបានរងគ្រោះដោយសង្គ្រាមឈ្លានទាំងកម្រោលរបស់យោធាថៃចូលមក ក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាពលរដ្ឋ។
យោងតាមរបាយការរបស់ លោក គឹម រិទ្ធី អភិបាលខេត្ដព្រះវិហារ បានឲ្យដឹងថាខេត្តព្រះវិហារ រងការខូចខាត និងប៉ះពាល់រួមមាន៖ ខូចខាតប្រាង្គប្រាសាទព្រះវិហារ រួមទាំងតំបន់ជុំវិញ មានសភាពខូចខាតធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទ និងក្បាច់ចម្លាក់, ខូចខាតសាលារៀន, មណ្ឌលសុខភាពភាព, អគារសាធារណៈ, ផ្ទះប្រជាពលរដ្ឋប្រមាណ ៣០០ខ្នង, ផ្លូវគមនាគមន៍, វត្តអារាម ៤កន្លែង, បាត់បង់អាយុជីវិតប្រជាពលរដ្ឋ ១នាក់ និងរងរបួស កុមារី ១នាក់ផងដែរ។
នៅក្នុងអំឡុងពេលសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ បានធ្វើឱ្យប្រជាពលរដ្ឋទូទាំង ៨ឃុំ នៃស្រុកជាំក្សាន្ត មានការភ័យខ្លាច បានជម្លៀសខ្លួនមកស្នាក់នៅបណ្តោះអាសន្ន នៅតាមមណ្ឌល សុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំត្រៀមទុកជាមុនចំនួន ៨ទីតាំង និងសហគមន៍ មូលដ្ឋានប្រមាណជាង ៥ម៉ឺននាក់។
បច្ចុប្បន្ន ប្រជាពលរដ្ឋបានវិលត្រឡប់ទៅលំនៅឋាន វិញប្រមាណ ៩៥% និងកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពសរុបប្រមាណ ៧២៤ គ្រួសារ ដោយសារលំនៅឋានរបស់ពួកគាត់ស្ថិតនៅលើតំបន់ដែលមានហានិភ័យខ្ពស់ និងហ៊ុំព័ទ្ធដោយខុសច្បាប់ពីសំណាក់យោធាថៃ។
សូមជម្រាបថា ការចុះជួបសំណេះសំណាលនេះជាសកម្មភាពដែលសម្ដេចតេជោ ហ៊ុន សែន តែងតែអនុវត្ដជាប់ជាប្រចាំ ដើម្បីជួបផ្ទាល់ដឹងសុខទុក្ខ និងស្ដាប់នូវរបាយការណ៍ពីថ្នាក់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ផ្ទាល់ ដើម្បីក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
តាមរយៈការចុះជួបសំណេះសំណាលជាមួយន្ដ្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភា តែងតែបានក្រើនរំលឹកទៅកាន់មន្ដ្រីមូលដ្ឋានឱ្យត្រូវយកចិត្ដទុកដាក់ពីសុខទុក្ខ តម្រូវការចំបាច់ផ្សេងៗរបស់ប្រជាពលរដ្ឋ ពិសេសការបម្រើសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ដោយចៀសវាងឱ្យបាននូវការថ្នាំងថ្នាក់រវាងប្រជាជន និងមន្រ្ដីនៅមូលដ្ឋាន។
គោលបំណងសំខាន់មួយទៀត គឺពង្រឹងភាពជិតស្និទ្ធ និងការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
តាមការគ្រោងទុក សម្ដេចតេជោ ហ៊ុន សែន នឹងបន្ដទៅជួបសំណេះសំណាលជាមួយមន្ត្រីរាជការជាសមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ បន្ដនៅទូទាំងប្រទេសកម្ពុជា៕
អត្ថបទ៖ ឈឹម ធីតា រូបភាព៖ ង៉ាន់ សំណាង