ពលរដ្ឋភៀសសឹកជាង ៣០០០គ្រួសារហើយ បានចូលទៅរស់នៅបណ្តោះផ្ទះអាសន្នក្នុង «ភូមិរង់ចាំ» ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភៀសសឹកចំនួន ៥១៣គ្រួសារបន្ថែមទៀត មកពីស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានចាប់ឆ្នោតចូលទៅរស់នៅក្នុងផ្ទះស្នាក់នៅ «ភូមិរង់ចាំ» គឺជាដំណាក់កាលទី២ បន្ទាប់ពីដំណាក់កាលទី១ ដែលមានប្រជាពលរដ្ឋភៀសសឹកចំនួន ២.៨០០គ្រួសារ មកពីស្រុកអូរជ្រៅ និងស្រុកថ្មពួក បានចូលទៅរស់នៅតាំងពីខែមីនា ឆ្នាំ២០២៦ និងបានចាប់ផ្តើមប្រកបមុខរបរជាបណ្តើរៗ។ នេះបើយោងតាមការឱ្យដឹងពី លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ដែលបានចុះពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកនៅ «ភូមិរង់ចាំ» នៅពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។
លោក ឃ្លោក នួយ បានបញ្ជាក់ថា ទន្ទឹមនេះអាជ្ញាធរក៏បានរៀបចំឱ្យពលរដ្ឋភៀសសឹកដោយអំពើឈ្លានពានរបស់ថៃមកលើកម្ពុជា ចាប់ឆ្នោតជ្រើសរើសផ្ទះជាបន្តបន្ទាប់ទៀតផងដែរ ធ្វើដោយតម្លាភាព និងសមធម៌ក្នុងការបែងចែកលំនៅដ្ឋានជូនពលរដ្ឋភៀសសឹកមួយគ្រួសារៗទទួលបានផ្ទះមួយខ្នង មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ ស្ថិតលើក្បាលដីទំហំ ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ នៅក្នុង «ភូមិរង់ចាំ»។ ភូមិនេះមាន ៦ភូមិ ចាប់ពីភូមិរង់ចាំទី១ ដល់ភូមិរង់ចាំទី៦ សម្រាប់ទទួលប្រជាពលរដ្ឋភៀសសឹកមកពីតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ព្រមទាំងប្រជាពលរដ្ឋមកពីភូមិព្រៃចាន់ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងមួយផ្នែកនៃភូមិបឹងសុក្រម។
លោកអភិបាលរងខេត្ត បានឱ្យដឹងបន្ថែមថា ក្នុងភូមិរង់ចាំនេះអាជ្ញាធរក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ រួមមាន សាលារៀនចាប់ពីមត្តេយ្យសិក្សា ដល់វិទ្យាល័យ មណ្ឌលសុខភាព ទីស្នាក់ការសន្តិសុខ និងផ្សារ ដើម្បីបំពេញតម្រូវការរស់នៅ និងប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា បច្ចុប្បន្ន «ភូមិរង់ចាំ» មានផ្ទះស្នាក់នៅបណ្តោះអាសន្នចំនួន ៣.៣១៣ខ្នង សម្រាប់ប្រជាពលរដ្ឋ ៣.៣១៣គ្រួសារ ស្មើនឹងប្រមាណ ១២.៩៨០នាក់។ ក្នុងនោះផ្ទះដែលបានសាងសង់រួចរាល់ និងត្រៀមប្រគល់ជូនប្រជាពលរដ្ឋមានចំនួន ២.៨០៥ខ្នង ខណៈផ្ទះដែលនៅសល់កំពុងបន្តសាងសង់ ហើយគ្រោងបញ្ចប់ទាំងស្រុងក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៦។ សម្រាប់គ្រួសារដែលមិនទាន់ទទួលបានផ្ទះ កំពុងស្នាក់នៅជាមួយសាច់ញាតិ ឬមិត្តភក្តិជាបណ្តោះអាសន្ន។ ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តសាងសង់ជម្រកស្នាក់នៅបណ្តោះអាសន្ន ដើម្បីជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រលប់ទៅលំនៅដ្ឋានដើមវិញបាន ខណៈរាជរដ្ឋាភិបាលកំពុងបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយភាគីថៃ៕