ព័ត៌មានអន្តរជាតិ

សភាប្រើភាសាបារាំង (APF) អនុម័តសេចក្តីសម្រេចស្តីពីបូរណភាពទឹកដីកម្ពុជា និងបោះឆ្នោតជ្រើសរើសកម្ពុជា ឱ្យកាន់តំណែងជាប្រតិភូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក

image


កាមេរូន៖ មហាសន្និបាតប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង ឬហៅកាត់ថា អេភីអែហ្វ (APF) ដែលបានជួបប្រជុំគ្នានៅទីក្រុង យ៉ាអ៊ុនដេ (Yaoundé) ប្រទេសកាមេរូន (Cameroon) កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ បានអនុម័តសេចក្តីសម្រេចចិត្តមួយ ក្នុងការគាំទ្រយ៉ាងរឹងមាំ និងមិនងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ការអនុម័តសេចក្តីសម្រេចចិត្តអន្តរជាតិដ៏មានសារៈសំខាន់នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពតានតឹងដែលបានបន្តកើតមាន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាំងពីខែកក្កដា ឆ្នាំ២០២៥ មក ដែលក្នុងនោះ សភាប្រើភាសាបារាំង (APF) បានសម្តែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតមនុស្ស ការភៀសខ្លួនរបស់ពលរដ្ឋ និងរបាយការណ៍ស្តីពីការរំលោភបំពានលើបទឈប់បាញ់ ព្រមទាំងការខូចខាតដល់ទីតាំងវប្បធម៌ និងសាសនា ដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។

តាមរយៈសេចក្តីសម្រេចនេះ សភាប្រើភាសាបារាំង (APF) បានអំពាវនាវឱ្យមានការគោរពអធិបតេយ្យភាពកម្ពុជា ជៀសវាងរាល់សកម្មភាពឯកតោភាគីទាំងឡាយណាដែលធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ និងបានជំរុញឱ្យភាគីទាំងពីរ អនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមនៃទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងទាមទារឱ្យមានការដកទ័ពចេញពីតំបន់ជម្លោះ ហើយបន្តដោះស្រាយដោយសន្តិវិធីតាមយន្តការគណៈកម្មការចម្រុះកិច្ចការព្រំដែន ឬហៅកាត់ថា ជេប៊ីស៊ី (JBC)។

ជាការឆ្លើយតប ឯកឧត្តម អ៊ុច បូរិទ្ធ ក្នុងនាមតំណាងឱ្យព្រឹទ្ធសភា រដ្ឋសភា និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគ្រប់ប្រតិភូសភានៃក្រុមប្រទេសអ្នកនិយាយភាសាបារាំងទាំងអស់ ដែលការសម្រេចនេះបានបង្ហាញពីស្មារតីរួមកម្លាំងគ្នាគោរពច្បាប់អន្តរជាតិ និងបានបញ្ជូនសារយ៉ាងមានឥទ្ធិពលអំពីសាមគ្គីភាព និងទំនួលខុសត្រូវ រវាងបណ្តាប្រទេសជាសមាជិក APF ដើម្បីបម្រើឱ្យសន្តិភាព និងការអភិវឌ្ឍ។

នៅរសៀលថ្ងៃដដែលនោះ មហាសន្និបាតអង្គការ APF ក៏បានបោះឆ្នោតជ្រើសរើស ឯកឧត្តម អ៊ុច បូរិទ្ធ ដែលជាអនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា ឱ្យកាន់តំណែងជា «ប្រតិភូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក» របស់អង្គការសភានៃប្រទេសនិយាយភាសាបារាំង សម្រាប់អាណត្តិរយៈពេលពីរឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨ ថែមទៀតផង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ ព្រឹទ្ធសភាកម្ពុជា | រូបភាព៖​ ព្រឹទ្ធសភាកម្ពុជា/ Getty Image/ CMAC