ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រកាសទទួលស្គាល់ និងប្រគល់រង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥ ក្នុងវិស័យអប់រំ និងសុខាភិបាល

image

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសទទួលស្គាល់ និងប្រគល់រង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ ដែលជាយន្តការលើកទឹកចិត្តដល់អង្គភាពសាធារណៈដែលមានស្នាដៃឆ្នើមក្នុងការបម្រើប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី ដែលជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញប្រកាសទទួលស្គាល់ជាផ្លូវការ និងប្រគល់រង្វាន់ដល់ជ័យលាភី ដែលត្រូវបានជ្រើសរើសតាមរយៈដំណើរការវាយតម្លៃប្រកបដោយតម្លាភាព សុចរិតភាព និងវិជ្ជាជីវៈខ្ពស់។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. បានឱ្យដឹងថា ការវាយតម្លៃឆ្នាំ២០២៥ ត្រូវបានអនុវត្តស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ ដោយជ្រើសរើសជ័យលាភីចំនួន ៣០អង្គភាព រួមមាន អនុវិទ្យាល័យចំនួន១០ សាលាបឋមសិក្សាចំនួន១០ និងមណ្ឌលសុខភាពចំនួន១០ ដែលបានបំពេញការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាសាធារណៈ។

លោកបានបញ្ជាក់ថា ជ័យលាភីទាំងអស់ ត្រូវបានរៀបចំជាសេចក្តីព្រាងអនុក្រឹត្យ ដើម្បីស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល មុននឹងប្រកាសទទួលស្គាល់ជាផ្លូវការ និងប្រគល់រង្វាន់ក្នុងពិធីនាពេលនេះ។

សូមបញ្ជាក់ថា ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥ ជាការអនុវត្តក្នុង ជំហានទី២ បន្ទាប់ពីកម្មវិធីនេះត្រូវបានដាក់ឱ្យអនុវត្តជាលើកដំបូងនៅឆ្នាំ២០២៣។ គោលបំណងសំខាន់ គឺជំរុញការប្រកួតប្រជែងដោយស្មោះត្រង់ លើកកម្ពស់គុណភាពសេវាសាធារណៈ និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការផ្តល់សេវារបស់រដ្ឋ។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលរាជធានី-ខេត្ត មន្ត្រីជំនាញ នាយកសាលា ប្រធានមណ្ឌលសុខភាព និងអ្នកសារព័ត៌មាន សរុបប្រមាណជាង ២,០០០នាក់៕

អត្ថបទ៖ វង សុភ័ក្ត្រ