ព័ត៌មានជាតិ

នៅចំពោះមុខសម្ដេចតេជោ, ឯកអគ្គរដ្ឋទូតហ្វីលីពីន បញ្ជាក់ថា ក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ាន នឹងខិតខំជួយដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ

image

ភ្នំពេញ៖​ លោកស្រី ហ្វើ្លរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា បានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោថា ក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ាន នឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។
មានប្រសាសន៍​បែបនេះនាឱកាសដែលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកស្រី ហ្វើ្លរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅព្រឹក​ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២៦​ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភំ្នពេញ។
យោងតាម​ លោក​ ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន នៅក្នុងពេលដែលលោកស្រីធ្វើជាឯកអគ្គរដ្ឋទូតរបស់ហ្វីលីពីនប្រចាំនៅកម្ពុជា។ សម្ដេចតេជោបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ លោកស្រីឯកគ្គរដ្ឋទូតហ្វីលីពីន បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការីបានចូលជួប និងជម្រាបលានៅក្នុងឱកាសនេះ។ លោកស្រីបានលើកឡើងថា ក្នុងអាណត្តិរបស់លោកស្រីកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់នូវទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនកាន់តែរីកចម្រើន ហើយជាពិសេស គឺតាមរយៈការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ជាពិសេស ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជា និងដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន ហើយកម្រិតនៃការផ្លាស់ប្ដូរទំនាក់ទំនងផ្នែកទស្សនកិច្ចនេះ បានកើតឡើងជាញឹកញាប់ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសទាំងពីរមានភាពរឹងមាំ។
បន្ថែមពីលើនេះ លោកស្រីក៏បានលើកឡើងទៀត ដែលទាក់ទងទៅនឹងទំនាក់ទំនងនៅក្នុងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលកម្ពុជា និងហ្វីលីពីនកំពុងតែបោះជំហានទៅមុខជាមួយគ្នាក្នុងការពង្រីក នូវពាណិជ្ជកម្ម ទន្ទឹមនឹងការបង្កើននូវការពង្រីកនូវទំនាក់ទំនងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរកាន់តែមានភាពសកម្ម។លោកស្រីបានលើកឡើងថា
ហ្វីលីពីនចាប់អារម្មណ៍ទៅលើផលិតផលកសិកម្មរបស់កម្ពុជា ហើយសង្ឃឹមថា ទំហំនៃការនាំចេញនឹងមានការកើនឡើងបន្តទៀត។
សម្ដេចតេជោ បានពេញចិត្តចំពោះការលើកឡើងក្នុងការពង្រីកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាមួយនឹងទំនាក់ទំនងដ៏ល្អនៅក្នុងផ្នែកនយោបាយរវាងប្រទេសទាំងពីរ។ សម្ដេចចាត់ទុកថា សេដ្ឋកិច្ច ពាណិជ្ជកម្មនេះ ជាស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន បន្ថែមពីនេះ សម្ដេចសង្ឃឹមថា ផលិតផលកសិកម្ម និងការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន ជាពិសេស គឺអង្ករនឹងបន្តកើនឡើងជាបន្តទៀត។ សម្ដេចតេជោក៏បានជំរុញបន្ថែមទៀត ឱ្យមានការពង្រីកនូវជើងហោះហើរ រវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើង ក្នុងទិសដៅដើម្បីឲ្យប្រជាជននិងប្រជាជន រវាងប្រទេសទាំងពីរ កាន់តែមានភាពសកម្មក្នុងការពង្រីកនូវចំណងមិត្តភាពប្រជាជន និងប្រជាជន ជាពិសេសគឺតាមរយៈការទៅទស្សនាប្រទេសនីមួយៗទៅវិញទៅមក។ លោកស្រីបានបញ្ជាក់ជម្រាបសម្ដេចតេជោថា ប្រទេសកម្ពុជាគឺជាគោលដៅដ៏ចាប់អារម្មណ៍មួយសម្រាប់ប្រជាជនហ្វីលីពីនក្នុងការមកទស្សនានៅក្នុងប្រទេសកម្ពុជា។
នៅក្នុងជំនួបនោះ សម្ដេចតេជោក៏បានលើកឡើងពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ដោយសម្ដេចបានពន្យល់ទៅកាន់លោកស្រីអគ្គរដ្ឋទូតហ្វីលីពីន ដោយបញ្ជាក់នូវជំហរជាថ្មីជូនចំពោះលោកស្រីថា កម្ពុជាគឺប្រកាន់យកនូវការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ និងផ្អែកទៅលើយន្តការដែលមានស្រាប់ដែលភាគីទាំងពីរបានព្រមព្រៀងគ្នានាពេលកន្លងមក។ លោកស្រីក៏បានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោថា ក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ាន នឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ៕
អត្ថបទ​៖ ឈឹម​ ធីតា
រូបភាព៖ ង៉ាន់​ សំណាង