ព័ត៌មានជាតិ

កម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និង TVET ក្នុងឱកាសខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត

image

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ស្របពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរលោក សនសៃ វ៉ាន់ណាសៃ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលបានកសាង និងពង្រឹងជាបន្តបន្ទាប់លើមូលដ្ឋាននៃការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក។
លោក ហេង សួរ បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ឡាវ កាន់តែរឹងមាំបន្ទាប់ពីការអនុម័ត ផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ឆ្នាំ២០២៣-២០២៧ ហើយខួបលើកទី៧០ នៃទំនាក់ទំនងការទូត គឺជាឱកាសដ៏មានសារៈសំខាន់ក្នុងការបង្កើនសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រីក៏បានលើកឡើងពីតួនាទីសំខាន់របស់កម្មវិធី TVET ក្នុងការលើកកម្ពស់ផលិតភាព កំណើនសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ លោកបានលើកទឹកចិត្តឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការផ្លាស់ប្តូរគ្រូបណ្តុះបណ្តាល អ្នកជំនាញ និងការបង្កើតភាពជាដៃគូរវាងគ្រឹះស្ថានបណ្តុះបណ្តាលនៃប្រទេសទាំងពីរ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)។
លោកបានសម្តែងជំនឿថា អាណត្តិបេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ ឱ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ។ លោកក៏បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រៀមខ្លួនជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយភាគីឡាវ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
ជាការឆ្លើយតប លោក សនសៃ វ៉ាន់ណាសៃ បានសម្តែងសេចក្តីរីករាយ និងមោទនភាពចំពោះការបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលជាប្រទេសជិតខាងមានចំណងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ជ្រាលជ្រៅជាមួយឡាវ។ លោកបានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រីចំពោះកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល និងស្ថាបនា ព្រមទាំងបានកោតសរសើរចំពោះចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
លោកឯកអគ្គរដ្ឋទូតបានឱ្យដឹងថា ក្នុងឱកាសខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ នឹងមានការរៀបចំព្រឹត្តិការណ៍អបអរសាទរជាច្រើន ទាំងនៅរាជធានីភ្នំពេញ និងទីក្រុងវៀងចន្ទន៍។
ជាមួយគ្នានេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជាកត្តាសំខាន់ជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគ។ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីឡាវ ក្នុងការបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងជាមួយកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍រួម និងវិបុលភាពសម្រាប់ប្រទេសទាំងពីរ៕