សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
————-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតីចិនបានវាយតម្លៃខ្ពស់ចំពោះភាពរឹងមាំនៃទំនាក់ទំនង និងមិត្តភាពដែកថែបរវាង ចិន-កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបានគូសបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការសម្រេចបាននូវ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ដើម្បីធានាបាននូវការរីកចម្រើនជាបន្តបន្ទាប់។
សម្ដេចធិបតីបានអបអរសាទររដ្ឋាភិបាលចិនចំពោះជោគជ័យនៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ចំពោះការបន្តគាំទ្រ និងផ្ដល់ជំនួយ ដែលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កសាងហេដ្ឋារចនាសម្ព័ន្ធ និងលើកស្ទួយជីវភាពប្រជាជនកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។
សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ហើយប្រទេសទាំងពីរកំពុងរួមគ្នាកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។
សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់លើគំនិតផ្តួចផ្តើម និងទិសដៅការងារបន្ត សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត រួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ចនិងពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ថាមពលអគ្គិសនី, បញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថល, កសិកម្ម, ការពារជាតិ និងសន្តិសុខ។
សម្តេចធិបតី ក៏បានជម្រាបជូនឯកឧត្តមប្រធានាធិបតីចិន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ, និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕