ក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទិក និងនាវាចរណ៍ មានមូលដ្ឋាននៅទីក្រុងសៀងហៃជម្រាបសម្តេចធិបតីពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
អត្ថបទ៖ ហ៊ន សុភ័ក្រ
……….
លោកប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd.បានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទិក និងនាវាចរណ៍ដ៏ឈានមុខគេ ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ នៃប្រទេសចិន។ អាជីវកម្មស្នូលរបស់ក្រុមហ៊ុន គឺផ្តោតលើការដឹកជញ្ជូនតាមផ្លូវសមុទ្រ, ការសាងសង់ និងរចនានាវា, ព្រមទាំងផ្គត់ផ្គង់សេវាកម្មឡូជីស្ទិកពីដើមដល់ចប់ (End to End Logistics)។ លោកប្រធានក្រុមប្រឹក្សាបានគូសបញ្ជាក់ថា ដោយមើលឃើញអំពីសក្តានុពល និងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើននៅកម្ពុជា ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅប្រទេសកម្ពុជា។ ផ្អែកលើសក្តានុពលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យឡូជីស្ទិកនៅកម្ពុជា, លោកប្រធានក្រុមប្រឹក្សាភិបាលបានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានកសាងព្រែកជីកហ្វូណនតេជោ។ លោកប្រធានបានបន្ថែមថា ព្រែកជីកហ្វូណនតេជោ មានសក្តានុពលដ៏ធំធេងក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ពិសេសលើវិស័យឡូជីស្ទិក និងការដឹកជញ្ជូនតាមនាវាចរណ៍។ ការជម្រាបនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fan Jinsheng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦,ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
សម្ដេចធិបតីបានសម្ដែងការស្វាគមន៍ចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា វិស័យឡូជីស្ទិកជាវិស័យដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែប្រសើរឡើង ក្នុងទិសដៅពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា ការកសាងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្ដួចផ្ដើមជាប្រវត្តិសាស្ត្រក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ដែលនឹងផ្លាស់ប្តូរជាមូលដ្ឋាននូវទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវទឹកក្នុងស្រុកទៅកាន់តំបន់ឆ្នេរសមុទ្រ។ សម្ដេចធិបតីបានសង្កត់ធ្ងន់បន្ថែមថា កម្ពុជាមិនត្រឹមតែកសាងព្រែកជីកជារូបវន្តប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងកសាងនូវច្រករបៀងសេដ្ឋកិច្ចដ៏ឆ្លាតវៃ និងទំនើប ផងដែរ។
សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាពិភាក្សាការងារឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគជាក់ស្ដែងនៅកម្ពុជា៕