លោក ហ៊ុន ម៉ានី៖ ការរៀបចំការប្រកួតពានរង្វាន់ SOCCER LEAGUE ជាវេទិកាដ៏សំខាន់មួយរឹតចំណងមិត្តភាពយុវជន ឆ្ពោះទៅរកកម្លាំងសាមគ្គីដ៏រឹងមាំ
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ម្សិលមិញ
បានអញ្ជើញជាគណៈអធិបតី ក្នុង កម្មវិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ ២០២៦ នៅកីឡាដ្ឋានពហុកីឡាដ្ឋានជាតិអូឡាំពិក។
លោកអភិសន្ដិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុករៀបចំការប្រ កួត កីឡាបាល់ទាត់ពានរង្វាន់ SOC CER LEAGUE លើកទី៩ ឆ្នាំ២០២៦ បានឡើងធ្វើការរបាយការណ៍សង្ខេបស្ដីពីការប្រកួតពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ ដោយទទួលបានការដាក់ពាក្យចូលរួមប្រកួត មានចំនួន ៦៤ក្រុម ដែលក្នុងនោះមានក្រុមបាល់ទាំត់បុរសចំនួន ៥៦ក្រុម និងក្រុមបាត់ទាត់នារីចំនួន ៨ក្រុម។
លោកអភិសន្តិបណ្ឌិត បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលជាងមួយខែកន្លង មក ក្រុមកីឡាករនីមួយៗបានបង្ហាញពីការអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរឡើងគួរឱ្យកត់សម្គាល់ ព្រមទាំងបានគោរពតាមគោលការណ៍ បទបញ្ជា និងលក្ខន្តិកៈនៃការប្រកួត ព្រមទាំងមានការយោគយល់ និងអធ្យាស្រ័យគ្នា ប្រកប ដោយការទទួលខុសត្រូវខ្ពស់។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ នឹងកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ SOC CER LEAGUE លើកទី៩ ឆ្នាំ ២០២៦ នេះ អាចបញ្ជាប់ទៅដោយរលូន និងមានភាពជោគជ័យខ្ពស់បាន គឺកើតចេញពីបទពិសោធ កិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់។
លោកហ៊ុន ម៉ានី បានរំលេចផងដែរថា ការរៀបចំការប្រកួតពានរង្វាន់ SOC CER LEAGUE ក្រោមប្រធានបទ «សាមគ្គីភាព ជាតិរឹងមាំ» មិនមែនត្រឹម តែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយ ដែលបង្កើតឱ្យមានការជួបជុំ និងការប្រាស្រ័យទាក់ ទងគ្នារវាងយុវជន ព្រមទាំងរួមចំណែកពង្រឹងស្មារតីរួបរួមជាតិ និងប្រមូលផ្តុំយុវ ជនពីគ្រប់ទិសទី ដើម្បីកសាងកម្លាំងមហាសាមគ្គីខ្មែរដ៏រឹងមាំ ព្រោះថាមិត្តភាព សាមគ្គីភាព ការឯកភាព សុខដុមនីយ៍កម្ម ភាពរឹងមាំនៃសង្គមកម្ពុជារបស់យើង ត្រូវតែវិនិយោគ ហ៊ានលះបង់ចូលរួមចំណែក ហើយកសាងបន្តិចម្ដងៗ ហើយជាប្រចាំ ដើម្បីធានាថាជាតិយើងមានភាពរឹងមាំក្នុងគ្រប់ការលៈទេសៈទាំងអស់៕
អត្ថបទ៖ វង សុភ័ក្ត្រ