ព័ត៌មានជាតិ

កម្ពុជា-ថៃ ឯកភាពផ្តល់ពេលបន្ថែមដល់អ្នកផ្សះផ្សា ជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រ

image

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា អ្នកផ្សះផ្សាឯករាជ្យទាំង ៤រូប បានស្នើសុំពេលវេលាបន្ថែម ដើម្បីពិចារណាឱ្យបានហ្មត់ចត់លើការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

តាមអ្នកនាំពាក្យក្រសួង កម្ពុជា និងថៃ បានឯកភាពចំពោះសំណើនេះ ដោយចាត់ទុកថា ពេលវេលាបន្ថែមមានភាពសមស្រប ស្របតាមសារៈសំខាន់នៃការជ្រើសរើសប្រធានគណៈកម្មការ និងដំណើរការផ្សះផ្សាទាំងមូល។ ក្រសួងក៏បានបញ្ជាក់ថា ការពន្យារពេលនេះ មិនប៉ះពាល់ដល់ថេរវេលា ឬនីតិវិធីណាមួយដែលកំណត់ដោយ UNCLOS នោះឡើយ។

ក្រសួងបានវាយតម្លៃថា ការស្នើសុំពេលបន្ថែមនេះ ឆ្លុះបញ្ចាំងពីភាពហ្មត់ចត់ និងការទទួលខុសត្រូវរបស់អ្នកផ្សះផ្សា ព្រមទាំងបានថ្លែងអំណរគុណ និងបញ្ជាក់ជាថ្មីនូវជំនឿទុកចិត្តចំពោះដំណើរការនេះ។

ជាមួយគ្នានេះ កម្ពុជាបានអះអាងថា នឹងបន្តជំរុញការដោះស្រាយវិវាទដែនសមុទ្រជាមួយប្រទេសថៃ ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ៕