រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំង ប្រទេសចិន គ្រោងចងសម្ព័ន្ធមេត្រីភាពនឹងគ្នា ដើម្បីជំរុញវិស័យទេសចរណ៍
ភ្នំពេញ៖ រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំង សាធារណរដ្ឋប្រជាមានិតចិន នឹងពិនិត្យលទ្ធភាពចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ពិសេសលើវិស័យទេសចរណ៍ និងវិស័យមួយចំនួនទៀត។ នេះបេីយោងតាមជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយ លោក ហាន សេងជាន អភិបាលរងខេត្តហៃឡុងជាំង សាធារណរដ្ឋប្រជាមានិតចិន នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចម្រេីនរបស់រាជធានីភ្នំពេញនាប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានលើកបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ កម្ពុជា និងចិន មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាង៦០ឆ្នាំមកហើយ។ តាមរយៈទំនាក់ទំនងការទូតដ៏ល្អនេះ រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងជាច្រើនរបស់ប្រទេសចិន។
ជាមួយគ្នានេះ លោក ហាន សេងជាន អភិបាលរងខេត្តហៃឡុងជាំ បានលើកឡើងថា គោលបំណងរបស់ប្រតិភូលោក អញ្ជើញមករាជធានីភ្នំពេញនាពេលនេះ ចង់បង្កើតទំនាក់ទំនងសហប្រតិបត្តិការល្អមួយជាមួយរាជធានីភ្នំពេញ ពិសេសចង់ជំរុញវិស័យទេសចរណ៍ និងលើកទឹកចិត្តក្នុងការនាំចូលផលិតផលផ្លែឈើរបស់កម្ពុជាទៅលក់នៅខេត្តហៃឡុងជាំង។ នៅខេត្តរបស់លោក វិស័យទេសចរណ៍នៅរដូវទឹកកក គឺមានភាពទាក់ទាញខ្លាំង ជាពិសេសនៅទីក្រុង ហាប៊ីន។ រីឯនៅកម្ពុជា មានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងតំបន់ទេសចរណ៍ជាច្រើនទៀត រួមទាំងរាជធានីភ្នំពេញ ដែលទាំងអស់នេះ រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំងគួរសហការគ្នាក្នុងផ្សព្វផ្សាយជូនប្រជាពលរដ្ឋខ្លួន ដើម្បីជំរុញវិស័យទេសចរណ៍នៃទីក្រុងទាំងពីរឱ្យកាន់តែរស់រវើកថែមទៀត។ ភ្ជាប់ជាមួយគ្នានេះដែរ លោកអភិបាលរង ក៏បានអញ្ជើញលោកអភិបាលរាជធានីភ្នំពេញ និងសហការី ដើម្បីបំពេញទស្សនកិច្ចនៅខេត្តហៃឡុងជាំងនារដូវទឹកកកខាងមុខផដែរ។
ឆ្លើយតបនឹងបំណងរបស់លោកអភិបាលរងខេត្តហៃឡុងជាំង ដែលចង់ឱ្យមានទំនាក់ទំនងក្នុងភាពជាដៃគូ និងសហប្រតិបត្តិការល្អជាមួយគ្នាកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសលើវិស័យទេសចរណ៍ លោក ឃួង ស្រេង បានលើកឡើងពីថា រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំង គួរពិនិត្យលទ្ធភាពចុះអនុស្សារណៈយោគយល់ក្នុងការចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា។ កិច្ចការបន្ទាប់ គួរចាត់មន្រ្តីជំនាញ ដើម្បីពិភាក្សាលម្អិតអំពីខ្លឹមសារនៃ MoU មុននឹងស្នើសុំការឯកភាពពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ដោយឡែក ឆ្លើយតបនឹងការអញ្ជើញរបស់លោកអភិបាលរងខេត្ត លោកអភិបាលរាជធានីភ្នំពេញនឹងពិនិត្យលទ្ធភាព និងពេលវេលាសមស្រប ដើម្បីដឹកនាំប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅខេត្តហៃឡុងជាំងនាពេលខាងមុខ៕