សង្គម

និយ័តករធានារ៉ាប់រងកម្ពុជា បន្តចាប់ដៃគូជាមួយសាកលវិទ្យាល័យឯកជន ដើម្បីពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស ស្របពេលទីផ្សារធានារ៉ាប់រង កំពុងរីកចម្រើននិងមានតម្រូវការកម្លាំងពលកម្មកាន់តែខ្ពស់

image


ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា និងសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ស្របពេលទីផ្សារធានារ៉ាប់រងកម្ពុជាកំពុងបន្តកំណើន និងមានតម្រូវការកម្លាំងពលកម្មកាន់តែខ្ពស់។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី២១ ខែកក្កដានេះ រវាងលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា និងលោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។

ថ្លែងក្នុងពិធីចុះហត្ថលេខា លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា វិស័យធានារ៉ាប់រងជាឧបករណ៍ហិរញ្ញវត្ថុដ៏សំខាន់ ដែលជួយជំរុញកំណើនសេដ្ឋកិច្ច ការពារសុវត្ថិភាពហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែង។

លោកបានបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជាកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស។ គិតត្រឹមឆ្នាំ២០២៥ កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន ៣៩ក្រុមហ៊ុន និងក្រុមហ៊ុនអន្តរការីធានារ៉ាប់រង ៦៥ក្រុមហ៊ុន កំពុងធ្វើប្រតិបត្តិការ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការកម្លាំងពលកម្មក្នុងវិស័យនេះ។
ជាមួយគ្នានេះ ទីផ្សារធានារ៉ាប់រងកម្ពុជាសម្រេចបានបុព្វលាភធានារ៉ាប់រងដុលប្រមាណ ៣៦៧លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ កើនឡើងប្រមាណ ២,៨ភាគរយ បើធៀបនឹងឆ្នាំ២០២៤។

ទោះជាយ៉ាងណា លោក ប៊ូ ច័ន្ទភីរូ បានលើកឡើងថា បើប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ទីផ្សារធានារ៉ាប់រងកម្ពុជានៅមានទំហំតូចនៅឡើយ ដែលបង្ហាញពីសក្តានុពលដ៏ធំសម្រាប់ការពង្រីកនាពេលអនាគត។ ទន្ទឹមនឹងនេះ វិស័យនេះ ក៏កំពុងប្រឈមនឹងបញ្ហាសំខាន់ៗ ដូចជា ការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រងនៅមានកម្រិត និងការខ្វះខាតធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈ។

លោកបានបន្ថែមថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ និយ័តករធានារ៉ាប់រងកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២៥-២០៣០ ដោយកំណត់អាទិភាពលើការលើកកម្ពស់បរិយាបន្ន និងអក្ខរកម្មធានារ៉ាប់រង ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រីកការអប់រំសាធារណជន និងការជំរុញឱ្យមានការបញ្ចូលជំនាញធានារ៉ាប់រងទៅក្នុងកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សា ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានឧត្តមសិក្សានានា។

លោកអគ្គនាយកបានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា នាពេលនេះ គឺជាជំហានដ៏សំខាន់ក្នុងការបង្កើតភាពជាដៃគូ ដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាព សម្រាប់ការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាព។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ និស្សិតនឹងទទួលបានចំណេះដឹង និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីវិស័យធានារ៉ាប់រង ដែលនឹងជួយពង្រឹងសមត្ថភាព និងត្រៀមខ្លួនចាប់យកឱកាសការងារក្នុងវិស័យមួយនេះ ដែលកំពុងមានសក្តានុពល និងតម្រូវការកម្លាំងពលកម្មកាន់តែច្រើននៅកម្ពុជា៕