កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ច ជំរុញការនាំចេញអង្ករ គ្រាប់ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារហ្វីលីពីន
ហ្វីលីពីន៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Francisco P. Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានរួមគ្នាបើក «វេទិកាផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងវិស័យឯកជន កម្ពុជា-ហ្វីលីពីន ក្នុងវិស័យកសិកម្ម» ដើម្បីជំរុញពាណិជ្ជកម្មកសិកម្ម ពង្រីកទីផ្សារនាំចេញ និងពង្រឹងសន្តិសុខស្បៀងរវាងប្រទេសទាំងពីរ។
វេទិកានេះ មានការចូលរួមពីក្រុមហ៊ុនឯកជនកម្ពុជា និងហ្វីលីពីនសរុបប្រមាណ ៣៣ក្រុមហ៊ុន ដោយផ្តោតលើការពិភាក្សាអំពីការបង្កើនការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីន ព្រមទាំងជំរុញការនាំចេញផលិតផលកសិកម្មសក្តានុពលផ្សេងទៀត រួមមាន គ្រាប់ស្វាយចន្ទី និង ផលិតផលបសុសត្វ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការផ្គត់ផ្គង់ជីកសិកម្ម ដើម្បីធានាស្ថិរភាពនៃធាតុចូលសម្រាប់វិស័យកសិកម្មរបស់ប្រទេសទាំងពីរផងដែរ។
វេទិកានេះត្រូវបានចាត់ទុកថា ជាជំហានថ្មីមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីន ជាពិសេសការពង្រីកទីផ្សារសម្រាប់អង្ករ និងកសិផលសក្តានុពលរបស់កម្ពុជា ដែលរំពឹងថានឹងបង្កើនឱកាសទីផ្សារ និងផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់ប្រជាកសិករកម្ពុជាកាន់តែប្រសើរ៕