ក្រសួងការងារ និងដៃគូអភិវឌ្ឍន៍ កំពុងរួមគ្នាជំរុញការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គម ដល់អ្នកបម្រើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយអង្គការ Oxfam និងអង្គការអន្តរជាតិខាងការងារ (ILO) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី «ការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម និងការជំរុញការឈានចូលក្នុងប្រព័ន្ធ» ក្រោមក្របខណ្ឌផែនទីបង្ហាញផ្លូវរបស់កម្ពុជា សម្រាប់កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សិក្ខាសាលា មានគោលបំណងផ្សព្វផ្សាយអំពីផែនទីបង្ហាញផ្លូវរបស់កម្ពុជា និងពិនិត្យវឌ្ឍនភាពនៃការអនុវត្ត ដោយផ្តោតលើការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គម និងជំរុញកម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យឈានចូលក្នុងប្រព័ន្ធផ្លូវការ។
កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ គឺជាគំនិតផ្ដួចផ្ដើមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានដាក់ឱ្យដំណើរការនៅឆ្នាំ២០២១ ដើម្បីគាំទ្រប្រទេសនានាក្នុងការបង្កើតការងារសមរម្យ ពង្រីកការគាំពារសង្គម និងជំរុញសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាព។ កម្ពុជាបានចូលរួមជាប្រទេសត្រួសត្រាយផ្លូវ (Pathfinder Country) នៅឆ្នាំ២០២៣ និងបានអនុម័តផែនទីបង្ហាញផ្លូវជាតិនៅចុងឆ្នាំ២០២៤។
ផែនទីបង្ហាញផ្លូវនេះ ត្រូវបានរៀបចំស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយកំណត់ផែនការសកម្មភាពរយៈពេល៤ឆ្នាំ (២០២៥-២០២៨) ផ្តោតលើការបង្កើតការងារ ការគាំពារសង្គម ការអភិវឌ្ឍជំនាញ ការអភិវឌ្ឍសហគ្រាស កំណើនផលិតភាព និងការកសាងទីផ្សារការងារប្រកបដោយបរិយាបន្ន។
ក្នុងសិក្ខាសាលា ភាគីពាក់ព័ន្ធបានលើកឡើងថា បច្ចុប្បន្នប្រមាណ ៨៨% នៃកម្លាំងពលកម្មនៅកម្ពុជា កំពុងបម្រើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើននៅមិនទាន់ទទួលបានការគាំពារសង្គម និងសិទ្ធិការងារតាមផ្លូវច្បាប់ពេញលេញនៅឡើយ។ ទោះជាយ៉ាងណា កម្ពុជាបានសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយមានប្រជាពលរដ្ឋប្រមាណ ៧លាននាក់ ឬស្មើប្រហែល ៤១% នៃប្រជាជនសរុប ទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំសុខភាពក្រោមរបបគាំពារសង្គម។
អង្គសិក្ខាសាលាបានពិភាក្សាអំពីវិធានការពង្រីកការចុះបញ្ជីក្នុងរបបសន្តិសុខសង្គម សម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍ និងកម្មករប្រកបការងារតាមថ្នាលឌីជីថល ព្រមទាំងស្វែងរកដំណោះស្រាយផ្នែកគោលនយោបាយ និងបទប្បញ្ញត្តិ ដើម្បីធានាឱ្យក្រុមកម្មករទាំងនេះអាចទទួលបានការគាំពារតាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។
ចាប់តាំងពីក្លាយជាប្រទេសត្រួសត្រាយផ្លូវក្នុងឆ្នាំ២០២៣ កម្ពុជាបានបន្តសម្របសម្រួលគោលនយោបាយការងារ ការអភិវឌ្ឍជំនាញ ការអភិវឌ្ឍសហគ្រាស និងការគាំពារសង្គមឱ្យមានភាពស៊ីសង្វាក់គ្នា ដើម្បីគាំទ្រការអភិវឌ្ឍទីផ្សារការងារប្រកបដោយផលិតភាព ភាពធន់ និងបរិយាបន្ន ស្របតាមគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ជាលទ្ធផល សិក្ខាសាលាបានដាក់ចេញអនុសាសន៍មួយចំនួន រួមមាន ការពង្រឹងក្របខណ្ឌច្បាប់ និងយន្តការចុះបញ្ជីកម្មករ ជាពិសេសកម្មករប្រកបការងារតាមថ្នាលឌីជីថល ការពង្រឹងកិច្ចសម្របសម្រួលរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ការប្រើប្រាស់ថ្នាលឌីជីថលក្នុងការចុះបញ្ជី និងការពង្រីកការផ្សព្វផ្សាយនៅតាមសហគមន៍ ដើម្បីបង្កើនការគ្របដណ្តប់របបសន្តិសុខសង្គមឱ្យបានកាន់តែទូលំទូលាយ និងប្រកបដោយចីរភាព៕