សង្គម

និយ័តករធានារ៉ាប់រងកម្ពុជា និងវិស័យឯកជន ឯកភាពលើវិធានការ ៥ចំណុច ជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាព ខណៈវិស័យនេះ នៅតែរក្សាកំណើនប្រមាណ ៥ភាគរយ រយៈពេល ៦ខែដើម ឆ្នាំនេះ

image


ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី២៤ ខែកក្កដានេះ បានរៀបចំ «វេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង» ក្រោមវត្តមានលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងដាក់ចេញនូវវិធានការសំខាន់ៗ សម្រាប់ជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា។

លោក ប៊ូ ច័ន្ទភីរូ បានឱ្យដឹងថា វេទិកានេះ គឺជាយន្តការនៃភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដែលត្រូវបានរៀបចំជាប្រចាំឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យនិយ័តករ និងប្រតិបត្តិករធានារ៉ាប់រង រួមគ្នាពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈម និងឧបសគ្គនានា ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍវិស័យធានារ៉ាប់រងឱ្យកាន់តែមានប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។

បើតាមលោក ប៊ូ ច័ន្ទភីរូ ទីផ្សារធានារ៉ាប់រងកម្ពុជា នៅតែមានកំណើនប្រមាណ ៥ភាគរយ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ ដែលបង្ហាញពីភាពធន់នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា បើទោះបីជាមានវិបត្តិក្រៅប្រទេស វិបត្តិនៅមជ្ឈឹមបូព៌ា និងបញ្ហានៅតាមព្រំដែនក៏ដោយ។

បន្ទាប់ពីកិច្ចពិភាក្សា វេទិកា បានឯកភាពលើវិធានការសំខាន់ៗចំនួន ៥ រួមមាន៖
ទី១ និយ័តករធានារ៉ាប់រងកម្ពុជា នឹងសិក្សា និងរៀបចំបង្កើត មជ្ឈមណ្ឌលទិន្នន័យធានារ៉ាប់រង ឱ្យបានឆាប់ ដើម្បីគ្រប់គ្រង រក្សាទុក និងចែករំលែកទិន្នន័យជូនប្រតិបត្តិករធានារ៉ាប់រង និងភាគីពាក់ព័ន្ធ។ គោលបំណងគឺបង្កើតមូលដ្ឋានទិន្នន័យរឹងមាំ សម្រាប់ការអភិវឌ្ឍផលិតផលធានារ៉ាប់រងដែលមានគុណភាព តម្លៃសមរម្យ និងអាចប្រកួតប្រជែងជាមួយទីផ្សារក្នុងតំបន់។
ទី២ និយ័តករធានារ៉ាប់រងកម្ពុជា នឹងចាប់ផ្តើមអនុវត្តជាផ្លូវការនូវ សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក (E-Service for Business) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការផ្តល់សេវាជូនវិស័យធានារ៉ាប់រង។

ទី៣ និយ័តករធានារ៉ាប់រងកម្ពុជា នឹងដាក់ចេញនូវគោលការណ៍ណែនាំស្តីពី ស្តង់ដារកិច្ចព្រមព្រៀងរវាងអន្តរការីធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រង ដោយកំណត់ឱ្យមានភាពច្បាស់លាស់លើកម្រៃជើងសារ និងកម្រៃផ្សេងៗ ដើម្បីបង្កើនតម្លាភាព និងស្តង់ដារនៃការធ្វើអាជីវកម្ម។

ទី៤ ចាប់ពីឆ្នាំ២០២៧ តទៅ វេទិកានេះនឹងពង្រីកវិសាលភាពរបស់ខ្លួនទៅជា «វេទិកានិយ័តករ អគ្គនាយក និងអតិថិជនធានារ៉ាប់រង» ដើម្បីបង្កើនការចូលរួមពីអតិថិជន និងឆ្លុះបញ្ចាំងតម្រូវការជាក់ស្តែងរបស់ទីផ្សារ។

ទី៥ ប្រតិបត្តិករធានារ៉ាប់រងទាំងអស់ ត្រូវពង្រឹងការអនុវត្តកាតព្វកិច្ចផ្តល់របាយការណ៍ជាប្រចាំជូននិយ័តករ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីលើកកម្ពស់គុណភាព និងភាពជឿជាក់នៃទិន្នន័យទីផ្សារធានារ៉ាប់រង។

សូមបញ្ជាក់ថា ការដាក់ចេញវិធានការទាំង៥នេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយក្នុងការពង្រឹងការគ្រប់គ្រងវិស័យធានារ៉ាប់រង ការធ្វើឌីជីថលភាវូបនីយកម្មសេវាសាធារណៈ ការបង្កើនតម្លាភាពក្នុងទីផ្សារ និងការលើកកម្ពស់ទំនុកចិត្តរបស់អតិថិជន សំដៅជំរុញឱ្យវិស័យធានារ៉ាប់រងកម្ពុជារីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន៕