សង្គម

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចជំនួបពិគ្រោះយោបល់កម្រិតខ្ពស់ ជាមួយសភាពាណិជ្ជកម្ម និងសមាគមធុរកិច្ចអន្តរជាតិ ដើម្បីបញ្ចូលអាទិភាពធុរកិច្ចអន្តរជាតិទៅក្នុងយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

image

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា (CCC) ក្នុងនាមជាតំណាងផ្លូវការដែលត្រូវបានទទួលស្គាល់នៃផ្នែកឯកជន បានរៀបចំយ៉ាងជោគជ័យនូវ «ជំនួបពិគ្រោះយោបល់កម្រិតខ្ពស់» នៅព្រឹកថ្ងៃទី ២៤ខែកក្កដា ឆ្នាំ២០២៦ នៅអគារ វីង ថោវើរ ក្នុងរាជធានីភ្នំពេញ។ ជំនួបនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដោយផ្តោតលើការអនុវត្តក្របខ័ណ្ឌថ្មីមួយ ដែលត្រូវបានរចនាឡើងជាពិសេសដើម្បីបញ្ជ្រាបសភាពាណិជ្ជកម្ម និងធុរកិច្ចអន្តរជាតិ ចូលទៅក្នុងរចនាសម្ព័ន្ធកិច្ចសន្ទនារវាងរដ្ឋ និងឯកជនកម្រិតកំពូលរបស់កម្ពុជា។

កម្មវិធីប្រវត្តិសាស្ត្រនេះត្រូវបានដឹកនាំសម្របសម្រួលដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដោយមានការអញ្ជើញចូលរួមពីប្រធាន និងអនុប្រធានសហប្រធាននៃក្រុមការងារផ្នែកឯកជនទាំង១៦ នាយកប្រតិបត្តិ និងតំណាងជាន់ខ្ពស់មកពីសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម និងសហគ្រាសសកលយ៉ាងច្រើនកុះករ ដែលកំពុងប្រតិបត្តិការនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

កិច្ចពិគ្រោះយោបល់នេះបានបង្កើតនូវវេទិកាសកម្មមួយ ក្នុងគោលបំណងដោះស្រាយរបាំងប្រតិបត្តិការ ពង្រឹងការតម្រង់ទិសវិនិយោគអន្តរជាតិ និងរៀបចំយន្តការអន្តរសភាពាណិជ្ជកម្មរួមមួយឱ្យមានលក្ខណៈជាផ្លូវការ ដើម្បីប្រមូលផ្តុំនូវអាទិភាពធុរកិច្ចអន្តរជាតិបញ្ចូលទៅក្នុងវដ្តផ្លូវការនៃយន្តការ G-PSF យ៉ាងមានប្រព័ន្ធ។ គំនិតផ្ដួចផ្ដើមនេះផ្អែកលើវិធានការកែទម្រង់ដ៏មុតស្រួចជំនាន់ថ្មី ដែលត្រូវបានដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដើម្បីធានាថាយន្តការនេះនៅតែបន្តផ្តោតលើលទ្ធផលជាក់ស្តែង តម្លាភាព និងគណនេយ្យភាពយ៉ាងម៉ឺងម៉ាត់។

ដើម្បីរំលេចនូវផលប៉ះពាល់ជាក់ស្តែងនៃការកែលម្អស្ថាប័ននាពេលថ្មីៗនេះ រួមទាំងប្រព័ន្ធទិន្នន័យគ្រប់គ្រងព័ត៌មាន (MIS) ថ្មី ដែលត្រូវបានសម្របសម្រួលរួមគ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គប្រជុំបានពិនិត្យមើលទិន្នន័យនៃការអនុវត្តយ៉ាងជោគជ័យ ដែលទទួលបានពីរាយការណ៍លទ្ធផលការងារ G-PSF ប្រចាំឆមាសទី២៖
ការអនុវត្តការកែទម្រង់គោលនយោបាយ៖ ក្នុងចំណោមវិធានការកែទម្រង់លម្អិតចំនួន ១៧៩ ដែលត្រូវបានកំណត់ក្នុងកិច្ចប្រជុំពេញអង្គ G-PSF លើកទី១៩ មានវិធានការចំនួន ១៦៩ ស្មើនឹង ៩៤,៤% ត្រូវបានអនុវត្តសម្រេចបានទាំងស្រុង។ ចំណែក ១០ វិធានការដែលនៅសល់ កំពុងត្រូវបានជំរុញអនុវត្តបន្តតាមរយៈកិច្ចសម្របសម្រួលអន្តរក្រសួង និងនីតិវិធីប្បញ្ញត្តិ។

ការដោះស្រាយបញ្ហាប្រឈមរបស់ផ្នែកឯកជន៖ នៅទូទាំងក្រុមការងារតាមវិស័យឯកទេសទាំង ១៦ ផ្នែកឯកជនបានលើកឡើងនូវបញ្ហាប្រឈមផ្នែកប្រតិបត្តិការចំនួន ១៩៨ បន្ទាប់ពីវេទិកា G-PSF លើកទី១៩ ដោយក្នុងនោះមាន ១៧៤ករណី ស្មើនឹង ៨៧,៩% ត្រូវបានដោះស្រាយដោយជោគជ័យរហូតមកដល់បច្ចុប្បន្ន។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) បានមានប្រសាសន៍ថា៖ "យន្តការ G-PSF ដែលកាន់តែរឹងមាំ នឹងផ្លាស់ប្តូរដោយផ្ទាល់ទៅជាសេដ្ឋកិច្ចដែលកាន់តែរឹងមាំ។ នៅពេលដែលយើងឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍បន្ទាប់នេះ សភាពាណិជ្ជកម្មកម្ពុជាធ្វើខ្លួនជាច្រកចេញចូលដ៏ចំហ និងបរិយាបន្ន សម្រាប់សមាគមធុរកិច្ច សភាពាណិជ្ជកម្ម និងសហគ្រាសជាតិ និងអន្តរជាតិទាំងអស់ ក្នុងការនាំយកនូវបញ្ហាប្រឈមរបស់ពួកគេតាមរយៈក្របខ័ណ្ឌរួមតែមួយ។ យើងទទួលស្គាល់ថាសភាពាណិជ្ជកម្មអន្តរជាតិមានជំនាញ និងបទពិសោធន៍យ៉ាងទូលំទូលាយ ហើយតាមរយៈការចែករំលែកធនធាន និងការតម្រង់ទិសជំហររួមគ្នា យើងពិតជាអាចធ្វើសកម្មភាពក្នុងនាមជាដៃគូយុទ្ធសាស្ត្រ ដើម្បីរញោចភាពធន់នៃសេដ្ឋកិច្ចកម្ពុជា កែលម្អបរិយាកាសធុរកិច្ចទូទៅ និងពន្លឿនភាពប្រកួតប្រជែងនៅក្នុងកម្រិតសកល"។

ដើម្បីរក្សានូវទំហំការងារ និងល្បឿននេះ សភាពាណិជ្ជកម្មកម្ពុជាបានប្រកាសបើកទទួលជាផ្លូវការនូវ «ការបង្ហាញឆន្ទៈចូលរួម (Expression of Interest)» នៅទូទាំងវិស័យសេដ្ឋកិច្ចសំខាន់ៗចំនួន ១៦ និងយន្តការទ្វេភាគីឯកទេសចំនួន ២ ដើម្បីអនុញ្ញាតឱ្យវិនិយោគិនអន្តរជាតិអាចចូលរួមដោយចំហជាមួយក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ៖
• ក្រុមការងារផ្នែកឯកជនតាមវិស័យស្នូល៖ កសិកម្ម និងកសិ-ឧស្សាហកម្ម, ទេសចរណ៍, សិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម, ច្បាប់ ពន្ធដារ និងអភិបាលកិច្ច, ធនាគារ និងសេវាហិរញ្ញវត្ថុ, ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ, ផលិតកម្មកែច្នៃនាំចេញ និងសម្រួលពាណិជ្ជកម្ម, ទំនាក់ទំនងឧស្សាហកម្ម, ស្រូវ-អង្ករ, ថាមពល និងរ៉ែ, អប់រំ, សុខាភិបាល, សំណង់ និងអចលនទ្រព្យ, សេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឌីជីថលូបនីយកម្មសេដ្ឋកិច្ច-សង្គម និងទូរគមនាគមន៍, និងរដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

• យន្តការទ្វេភាគីផ្នែកគយ និងពន្ធដារ៖ ច្រកបច្ចេកទេសផ្ទាល់ រួមមាន យន្តការដៃគូពន្ធដារ-ផ្នែកឯកជន (TPPM) ជាមួយអគ្គនាយកដ្ឋានពន្ធដារ (GDT) និងយន្តការដៃគូគយ-ផ្នែកឯកជន (CPPM) ជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ជាទិសដៅទៅមុខ ជំនួបពិគ្រោះយោបល់បានបញ្ចប់ដោយកិច្ចព្រមព្រៀងបង្កើត «ក្រុមការងារបច្ចេកទេសពិសេស និងរហ័ស» មួយ ដែលទទួលបន្ទុករៀបចំអនុសាសន៍រចនាសម្ព័ន្ធ ដើម្បីធ្វើឱ្យការចូលរួមរបស់អ្នកពាក់ព័ន្ធអន្តរជាតិមានភាពល្អប្រសើរជាអចិន្ត្រៃយ៍។ ក្រុមការងារនេះនឹងកោះប្រជុំជាបន្តបន្ទាប់ ដើម្បីបូកសរុបអនុសាសន៍ចុងក្រោយ និងរៀបចំជំហររួមរបស់ផ្នែកឯកជន ក្នុងការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំពេញអង្គវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី២០ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ខាងមុខ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីវិនិយោគប្រកបដោយភាពប្រកួតប្រជែង ក្នុងទិសដៅសម្រេចឱ្យបាននូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»៕

រូបភាព៖ លឹម មុនី និងអ៊ុន ផាន់ណាត់