បាតុភូតធម្មជាតិអែលនីញ៉ូ សម្តេចធិបតី បានណែនាំដល់ស្ថាប័នពាក់ព័ន្ធត្រៀមបំរុងស្បៀងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា
ចំពោះបាតុភូតធម្មជាតិអែលនីញ៉ូ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម ត្រូវសហការ ជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត បន្តតាមដាន ការវិវត្តន៍និងផ្សព្វផ្សាយជាប្រចាំជូនប្រជាពលរដ្ឋបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ និងត្រៀម ឆ្លើយតបនូវមធ្យោបាយចាំបាច់ដើម្បីអន្តរាគមន៍ជួយង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រៀមបំរុងស្បៀងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករដែលរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។ នេះបើយោងតាមលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
សម្តេចធិបតី ក៏បានណែនាំដល់ក្រសួងសុខាភិបាល ត្រូវបន្តផ្សព្វផ្សាយ អំពីវិធានការការពារខ្លួនពីផលប៉ះពាល់ពីបាតុភូតនេះ។ ក្រសួងរ៉ែ និងថាមពល ត្រូវត្រៀមថាមពលអគ្គិសនីដើម្បី ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវស្វែងយល់អំពីតម្រូវការជាក់ស្តែង និងឆ្លើយតបឱ្យបានទាន់ពេលវេលា៕
អត្ថបទ៖ ហ៊ន សុភ័ក្រ