ព័ត៌មានជាតិ

ពលរដ្ឋក្រីក្រ ៥៣៨គ្រួសារ ទទួលបានផ្ទះ និងដីឡូតិ៍ ក្នុងកម្មវិធីផ្តល់ដីការពារព្រៃ នៅខេត្តស្ទឹងត្រែង

image

ស្ទឹងត្រែង៖​ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានធ្វេីពិធីចាប់ឆ្នោតទទួលដី និងផ្ទះ​ ជាកម្មសិទ្ធិផ្ទាល់ខ្លួន ដើម្បីរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត ប្រកបដោយនិរន្តរភាព នៅភូមិសាស្រ្តអូរសែវ៣ ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ 

ក្នុងពិធីចាប់ឆ្នោតទទួលដី និងផ្ទះ​ ដែលបានធ្ធេីឡេីងនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦​ មានប្រជាពលរដ្ឋក្រីក្រចំនួន ៥៣៨គ្រួសារ ដោយ១គ្រួសារៗទទួលបានដីឡូតិ៍ចំនួន​ ៣ហិកតា​ និងផ្ទះ​មួយខ្នង។

ក្នុងឱកាសនោះ លោក សរ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ បានឱ្យដឹងថា កម្មវិធីចែកដីនិងផ្ទះ ដែលផ្តួចផ្តើមឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដេីម្បីដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដ ព្រមទាំងទប់ស្កាត់ការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។

ម្យ៉ាងវិញទៀត​ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋដែលនឹងទៅរស់នៅទីតាំងថ្មីនេះ ដោយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន ការសាងសង់ផ្លូវមេ និងផ្លូវរង ប្រវែងសរុប ១២៥គីឡូម៉ែត្រ និងមានស្រះទឹកចំនួន ៣០កន្លែង ព្រមទាំងបានសាងសង់ផ្ទះ និងបន្ទប់ទឹកបានចំនួន ៧៥១ខ្នង លើផែនការសរុបចំនួន ៧៧០ខ្នង។

សូមបញ្ជាក់ថា ក្រោយពីការប្រកាសរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋចំនួនសរុប ១២ ៣២៩គ្រួសារ​ នៅទូទាំងប្រទេសបានមកធ្វើស្វ័យប្រកាស និងដាក់ពាក្យស្នើសុំដី ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។ បន្ទាប់ពីធ្វេីការចាប់ឆ្នោតជាបន្តបន្ទាប់ និងការចុះត្រួតពិនិត្យលក្ខណៈសម្បត្តិជាក់ស្តែង គណៈកម្មការបានរកឃើញអ្នកមានសំណាងចំនួន ៤៩៧គ្រួសារ ដើម្បីទៅតាំងទីលំនៅ ក្នុងគម្រោងទី១ នៅខេត្តស្ទឹងត្រែង។
បើតាមការបូករួមនឹងបុគ្គលដែលមានសិទ្ធិផ្សេងទៀត តួលេខសរុបនៃបុគ្គលអាចមានសិទ្ធិទទួលដីគម្រោងទី១នេះ គឺមានចំនួន ៧៥៥គ្រួសារ ក្នុងនោះ ២១៧គ្រួសារ​ បានចាប់ឆ្នោតទទួលដី និងផ្ទះរួចហើយ នៅសល់៥៣៨គ្រួសារ ដែលត្រូវចាប់ឆ្នោតនៅពេលនេះ៕