ព័ត៌មានជាតិ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម

image

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្តម ត្រាន់ ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ មានគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ទន្ទឹមនឹងនេះ ក៏ផ្តោតលើការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការពង្រីកការទូតសភា និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

អមដំណើរសម្តេចប្រធានរដ្ឋសភា មានលោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា, លោកសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម, លោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន, លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី, លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក សុះ មុះសិន សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន, លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា, លោកបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា, លោក ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា និងលោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានក្រុមទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា។

តាមកម្មវិធី ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ដោយឡែក ប្រធានគណៈកម្មការជំនាញនៃរដ្ឋសភាកម្ពុជា ក៏គ្រោងជួបពិភាក្សាការងារជាមួយសមភាគីវៀតណាម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកព័ត៌មាន និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕

អត្ថបទ៖ វង សុភ័ក្ត្រ