ព័ត៌មានជាតិ

ក្រុមហ៊ុន Minebea របស់ជប៉ុន ជម្រាបសម្តេចធិបតី ថា នឹងបន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

—————
លោកអគ្គនាយកប្រតិបត្តិក្រុមហ៊ុន Minebea របស់ជប៉ុន បានសម្តែង នូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា រហូតទទួលបានសមិទ្ធផល និងជោគជ័យ ជាទីមោទនៈ ដូចសព្វថ្ងៃនេះ។ លោកអគ្គនាយកប្រតិបត្តិ ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាពអាជីវកម្ម និងគម្រោងសម្ពោធរោងចក្រថ្មីនៅកម្ពុជា ព្រមទាំងផែនការក្នុងការពង្រីកការវិនិយោគបន្ថែមទៀត របស់ក្រុមហ៊ុននៅកម្ពុជា។ ការលើកឡើងបែបនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

លោកអគ្គនាយកបានបញ្ជាក់ថា ភាពជោគជ័យ និងការរីកចម្រើនរបស់ក្រុមហ៊ុន ជាកត្តាទាក់ទាញវិនិយោគិនជប៉ុនផ្សេងទៀតឱ្យមកបណ្តាក់ទុននៅកម្ពុជា ហើយក្រុមហ៊ុននៅតែមានជំនឿទុកចិត្តលើបរិយាកាស និងស្ថិរភាពនៃការវិនិយោគ នៅកម្ពុជា។ ជាមួយគ្នានេះ, ក្រុមហ៊ុននឹងប្រារព្ធពិធីអបអរសាទរខួបទី១៥ ឆ្នាំ នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា នាខែធ្នូ ខាងមុខ។

សម្តេចធិបតី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា ដោយបានគូសបញ្ជាក់ថា ជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. ក៏ជាជោគជ័យរបស់កម្ពុជាផងដែរ។ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រ, ធានាបរិយាកាសអំណោយផលសម្រាប់វិនិយោគិន និងបន្តធានាបរិយាកាសវិនិយោគប្រកបដោយភាពធន់ និងភាពប្រកួតប្រជែងខ្ពស់។ ទន្ទឹមនឹងនេះ, សម្តេចធិបតីបានលើកឡើងអំពីការដាក់ចេញ នូវគោលនយោបាយ និងយន្តការចាំបាច់នានា ដើម្បីសម្របសម្រួលដល់ការធ្វើធុរកិច្ច និង ការវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ការជំរុញ គាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យកាន់តែរឹងមាំ និងការផ្តល់ការលើកទឹកចិត្តតាមរយៈការអនុគ្រោះពន្ធលើវិស័យសក្ដានុពល និងយុទ្ធសាស្រ្តរបស់កម្ពុជា។

សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន MinebeaMitsumi Inc. ពិនិត្យលទ្ធភាពវិនិយោគបន្ថែមលើខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក, ស្វែងរកដៃគូសក្តានុពលក្នុងស្រុក និងបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការវិនិយោគ ក៏ដូចជាចាប់យកឱកាសថ្មីៗក្នុងការរីកចម្រើនទៅមុខជាមួយកម្ពុជា។

MinebeaMitsumi Inc. គឺជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនឈានមុខលើពិភពលោកក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិកដែលមានភាពជាក់លាក់ខ្ពស់ (Precision Components)។

ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១០ និងចាប់ផ្តើមដំណើរការផលិតនៅឆ្នាំ ២០១១។ បច្ចុប្បន្ន MinebeaMitsumi មានរោងចក្រផលិតនៅរាជធានីភ្នំពេញ និងកំពុងពង្រីកការវិនិយោគដោយសាងសង់រោងចក្រថ្មីនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រុមហ៊ុនបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជិត ១ម៉ឺននាក់ និងបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕