អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទៅបំពេញទស្សនកិច្ចធុរកិច្ចនៅប្រទេសវៀតណាម ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ចធុរកិច្ចនៅ ទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចនេះ ជួយគាំទ្រដល់ក្របខណ្ឌទូលាយនៃទំនាក់ទំនងទ្វេភាគី ផ្អែកលើការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ និងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។ ស្របតាមការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីទំហំ ២០ ពាន់លានដុល្លារ បេសកកម្មធុរកិច្ចនេះគឺជាកាតាលីករមួយ រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពង្រីកភាពជាដៃគូពាណិជ្ជកម្មឆ្លងដែន និង ស្វែងរកឱកាសវិនិយោគថ្មីៗរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមកម្មវិធីសំខាន់ៗដូចខាងក្រោម៖
១) កិច្ចពិភាក្សា និងការផ្គូផ្គងធុរកិច្ច (B2B)៖ សម្របសម្រួលកិច្ចប្រជុំផ្គូផ្គងអាជីវកម្ម និងកម្មវិធីជួបជុំបណ្តាញទំនាក់ទំនងកម្រិតខ្ពស់ ជាមួយ សហគមន៍ធុរកិច្ចវៀតណាម។
២) ទស្សនកិច្ច៖ ធ្វើទស្សនកិច្ចស្វែងយល់ដោយផ្ទាល់លើសួនឧស្សាហកម្មទំនើប តំបន់សេដ្ឋកិច្ចពិសេសតំបន់ភស្តុភារ និង មន្ទីរពេទ្យទំនើបកម្រិតខ្ពស់ នៅទីក្រុងហូជីមិញ ដើម្បីសិក្សាស្វែងយល់ពី ប្រព័ន្ធអេកូឡូស៊ីផលិតកម្មកម្រិតខ្ពស់ និងប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់។
៣) កិច្ចពិភាក្សាស្វែងយល់ ស៊ីជម្រៅអំពីក្របខ័ណ្ឌបទប្បញ្ញត្តិ ការលើកទឹកចិត្តផ្នែកវិនិយោគ និន្នាការទីផ្សារ និងកាលានុវត្តភាពវិស័យសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការរួមរវាងកម្ពុជានិងវៀតណាម៕