គណៈប្រតិភូធុរកិច្ចសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង បានមកដល់ប្រទេសវៀតណាម ដើម្បីបំពេញទស្សនកិច្ចធុរកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកម្ពុជា-វៀតណាម
ហូជីមិញ៖ គណៈប្រតិភូធុរកិច្ចសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញមកដល់ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីបំពេញទស្សនកិច្ចធុរកិច្ច ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី រវាងកម្ពុជា និងវៀតណាម។
នៅពេលអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ តាន់សឺនញ៉ាត (Tan Son Nhat) នាទីក្រុងហូជីមិញ នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូធុរកិច្ចកម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម តំណាង លោកជំទាវ ឯកអគ្គរាជទូតកម្ពុជា ព្រមទាំងលោកអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ។
ក្នុងអំឡុងទស្សនកិច្ចនេះ គណៈប្រតិភូគ្រោងនឹងជួបពិភាក្សា និងចូលរួមជំនួបធុរកិច្ចជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ស្វែងរកឱកាសជំរុញពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក។
ដំណើរទស្សនកិច្ចធុរកិច្ចនេះ ត្រូវបានរំពឹងថានឹងរួមចំណែកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពង្រីកភាពជាដៃគូពាណិជ្ជកម្ម និងបង្កើតឱកាសវិនិយោគថ្មីៗ សំដៅលើការលើកកម្ពស់ផលប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងកម្ពុជា និងវៀតណាម៕
អត្ថបទ៖ អ៊ុន ផាន់ណាត់