សង្គម

ក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ឈានមុខគេមួយនៅអាស៊ី ជម្រាបសម្តេចធិបតី ហ៊ុន ម៉ាណែត ពីការប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជា

image



ប្រធានក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ឈានមុខគេមួយនៅអាស៊ី បានជម្រាបសម្តេចធិបតី ហ៊ុន ម៉ាណែត ពីការប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក។ ការលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក អេ ឌូ អា ចច (Edouard GEORGE )ប្រធានក្រុមហ៊ុន ហ្វូនិក វូយ៉ាហ្គិស (Phoenix Voyages ) Group Limited នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ កក្កដា ឆ្នាំ២០២៦។

លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតី អំពីគម្រោងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ «Angkor Ultra Trail» លើកទី១០ ដែលនឹងប្រព្រឹត្តទៅនាខែមករា ឆ្នាំ២០២៧ ខាងមុខ ដែលការរៀបចំព្រឹត្តិការណ៍ រត់ប្រណាំង នេះ ក៏ជា ឱកាសអបអរសាទរខួប ១០ឆ្នាំ នៃការរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ, លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ការរៀបចំព្រឹត្តិការណ៍ «Angkor Ultra Trail» នាពេលកន្លងមក។ លោកប្រធានក្រុមហ៊ុនក៏បានជម្រាបជូនសម្ដេចធិបតី អំពីគំនិតផ្តួចផ្តើមក្នុងការរៀបចំព្រឹត្តិការណ៍កីឡា និងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងបានបង្ហាញពីប្រតិបត្តិការអាជីវកម្ម និងផែនការបន្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាបន្ថែមទៀត។

សម្ដេចធិបតីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ និងការផ្សព្វផ្សាយវប្បធម៌កម្ពុជាទៅកាន់ពិភពលោក តាមរយៈការរៀបចំព្រឹត្តិការណ៍ «Angkor Ultra Trail» ជាបន្តបន្ទាប់។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលមានទំនុកចិត្តខ្ពស់ក្នុងការវិនិយោគ ក៏ដូចជាផែនការពង្រីកប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការមុតស្រួចជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ដែលក្នុងនោះរួមមាន៖ ការធានាសុខសុវត្ថិភាពជូនភ្ញៀវទេសចរ, ការកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើដំណើរ, ការពង្រឹងគុណភាពសេវាកម្ម និងការបង្កើតព្រឹត្តិការណ៍កីឡា, ពិព័រណ៍ និងសកម្មភាពផ្សេងៗ ដើម្បីបន្ថែមលើសក្តានុពលដែលមានស្រាប់ ដូចជា ការទស្សនាប្រាសាទបុរាណ និងវប្បធម៌ជាដើម។

សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Phoenix Voyages Group Limited បន្តសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍ «Angkor Ultra Trail» នេះឱ្យទទួលបានជោគជ័យ និងបន្តរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត៕

អត្ថបទ៖ ហ៊ន សុភ័ក្រ