សង្គម

អន្តរក្រសួងជំរុញការផលិតផលិតផលទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ ដែលមានគុណភាព ដើម្បីជាការបង្ហាញពីអត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងមរតករបស់ជាតិ

image


សៀមរាប៖ ក្រសួងចំនួន ៤របស់កម្ពុជា បានធ្វើការជំរុញដល់អ្នកផលិត ផលិត ផល សិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ ដោយត្រូវធ្វើយ៉ាងណាផលិតនូវផលិតផលដែលមានគុណភាពខ្ពស់ ព្រោះវាមិនមែនគ្រាន់តែជាវត្ថុអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីអត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងមរតករបស់ជាតិ ដែលមានសក្តានុពលខ្ពស់ក្នុងការបង្កើតតម្លៃបន្ថែម ជំរុញសេដ្ឋកិច្ចច្នៃប្រឌិត (Creative Economy) បង្កើនប្រាក់ចំណូលដល់ប្រជាជនមូលដ្ឋាន និងពង្រីកទីផ្សារនាំចេញ ផងដែរ។

ការជំរុញបែបនេះ បានធ្វើឡើងនៅក្នុងពិធីបើកវេទិកាជាតិលើកទី១ ស្តីពី "ការជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ" នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដែលវេទិការនេះត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ ក្រសូងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងថ្ពក់ភ្ជាប់រវាងអ្នកផលិត ជាមួយអ្នកទិញក្នុងស្រុក។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា វិស័យទេសចរណ៍ គឺជាសសរស្តម្ភសេដ្ឋកិច្ចដ៏រឹងមាំមួយរបស់កម្ពុជា ដែលមិនត្រឹមតែនាំមកនូវចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីអត្តសញ្ញាណជាតិទៅកាន់សកលលោកផងដែរ។ ក្នុងបរិបទនៃទេសចរណ៍ទំនើប ភ្ញៀវទេសចរមិនចង់បានត្រឹមតែការមើលឃើញនឹងភ្នែកទៀតហើយ តែពួកគេចង់ទទួលបាននូវ «បទពិសោធ» និង «ការចងចាំ» ដែលពួកគេអាចប៉ះពាល់ដោយផ្ទាល់បាន និងអាចយកត្រលប់ទៅផ្ទះវិញបាន ហើយនេះគឺជាចំណុចយុទ្ធសាស្ត្រដែលផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ ត្រូវដើរតួនាទីបំពេញបន្ថែមប្រកបដោយសក្តានុពលខ្ពស់។

លោករដ្ឋមន្ត្រីបានបន្តថា ទន្ទឹមនឹងនេះ សិល្បករ និងវិចិត្រករខ្មែរ បានដើរតួយ៉ាងសំខាន់ក្នុងការបន្តវេនពីបុព្វបុរស តាមរយៈការបង្កើតនូវផលិតផលសិប្បកម្មដ៏សម្បូរបែប ដែលផលិតផលទាំងនោះមានតាំងពីសិល្បៈចម្លាក់ថ្ម និងឈើ, ការត្បាញសូត្រដ៏ប្រណីត រហូតដល់ផលិតផលកែច្នៃថ្មីៗដែលធ្វើដោយដៃ។ អ្វីដែលពិសេសបំផុតនោះគឺ ការលេចរូបរាងឡើងនូវផលិតផលដែលមានស្លាកសញ្ញា «Made in Cambodia» ដែលជាការបញ្ជាក់ពីគុណតម្លៃ នៃស្នាដៃកូនខ្មែរ។ វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ និងគ្រឿងផ្សំអាហារទាំងនេះ មិនមែនគ្រាន់តែជាទំនិញ សម្រាប់លក់ដូរប៉ុណ្ណោះទេ ប៉ុន្តែគឺជា «ការទូតទេសចរណ៍» មួយដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងទេពកោសល្យច្នៃប្រឌិតដែលទេសចរបរទេសចាត់ទុកថា ជារបស់មានតម្លៃ និងមានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់រក្សាទុកជាការចងចាំ។ ក្នុងន័យនេះ ដើម្បីចងចិត្តភ្ញៀវទេសចរឱ្យត្រលប់មកវិញ និងឱ្យពួកគេចំណាយកាន់តែច្រើននៅក្នុងស្រុកនោះ យើងត្រូវបង្កើតឱ្យមានជាផលិតផលកែច្នៃពីធនធានធម្មជាតិក្នុងស្រុកដូចជា រុក្ខជាតិ ឫស្សី វល្លិ៍ នឹងផ្តៅ ឱ្យទៅជាផលិត ផល សិប្បកម្មកែច្នៃ និងវត្ថុអនុស្សាវរីយ៍ដ៏ប្រណីត។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្ថែមថា វត្ថុអនុស្សាវរីយ៍ និងផលិតផលសិប្បកម្មមិនមែនគ្រាន់តែជាទំនិញទិញទុកជាការចងចាំប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយយ៉ាងសំខាន់ក្នុងការឆ្លុះបញ្ចាំងពីវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណជាតិ ជូនដល់ទេសចរបរទេសការពង្រីកទីផ្សារផលិតផលក្នុងស្រុក ជួយជំរុញឱ្យទេសចរចំណាយកាន់តែច្រើន និងស្នាក់នៅបានយូរ ដែលជួយចែកចាយប្រាក់ចំណូលដោយផ្ទាល់ទៅកាន់ដៃសិប្បករ និងសហគមន៍មូលដ្ឋាន។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ បានលេីកឡេីងដែរថា ការលើកកម្ពស់ស្តង់ដារ និងគុណភាពគឺត្រូវការបង្កើនសមត្ថភាពផលិត តាមរយៈការអនុវត្តស្តង់ដារជាតិ និងការធានាបាននូវសុវត្ថិភាព ភាពធន់ និងសោភ័ណភាពនៃផលិតផល ហើយការប្រើប្រាស់បច្ចេកវិទ្យាសមស្រប និងឧបករណ៍ទំនើបៗមកជួយក្នុងដំណើរការផលិត ដើម្បីបង្កើនបរិមាណ និងកាត់បន្ថយដើមទុន ប៉ុន្តែនៅតែរក្សាបាននូវក្បាច់ក្បូរ និងអត្តសញ្ញាណសិល្បៈប្រពៃណីខ្មែរ។

ចំណែកលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលេីកឡេីងថា ការរៀបចំទីផ្សារ និងការតភ្ជាប់ខ្សែសង្វាក់តម្លៃ គឺត្រូវជំរុញការយកផលិតផលសិប្បកម្មខ្មែរទៅដាក់លក់នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន និងផ្សារទំនើប ព្រមទាំងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ក្រៅពីនេះត្រូវជំរុញឱ្យសិប្បករចុះបញ្ជីម៉ាកសញ្ញា និងការពារសិទ្ធិញាណសិប្បកម្មដើម ជៀសវាងការក្លែងបន្លំ និងបង្កើនតម្លៃបន្ថែមនៅលើទីផ្សារ និងលើកទឹកចិត្តឱ្យសិប្បករប្រើប្រាស់ផ្លែតហ្វមឌីជីថល ដើម្បីលក់ផលិតផលទៅកាន់អតិថិជនទាំងក្នុង និងក្រៅប្រទេសដោយផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា ផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ មិនមែនគ្រាន់តែជាវត្ថុអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីអត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងមរតករបស់ជាតិ ដែលមានសក្តានុពលខ្ពស់ក្នុងការបង្កើតតម្លៃបន្ថែម ជំរុញសេដ្ឋកិច្ចច្នៃប្រឌិត (Creative Economy) បង្កើនប្រាក់ចំណូលដល់ប្រជាជនមូលដ្ឋាន និងពង្រីកទីផ្សារនាំចេញ៕