សង្គម

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូចូលគាល់ សម្តេចព្រះមហាក្សត្រី និងថ្វាយ «ពានសមាជិកភាពកិត្តិយសជើងឯក (Champions Award)»

image


ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូចូលគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីថ្វាយព្រះពរ និងថ្វាយ «ពានសមាជិកភាពកិត្តិយសជើងឯក (Champions Award)» ដែលសហគមន៍ Olave Baden-Powell Society (OB-PS) បានថ្វាយព្រះអង្គ។
ពានរង្វាន់កិត្តិយសនេះ ត្រូវបានប្រគល់ថ្វាយក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ Olave Baden-Powell Society (OB-PS) លើកទី៤២ ដែលបានប្រព្រឹត្តទៅនៅលើទឹកដីអង្គរដ៏ពិសិដ្ឋ ខេត្តសៀមរាប នាពេលកន្លងមក។

ការថ្វាយ «ពានសមាជិកភាពកិត្តិយសជើងឯក (Champions Award)» នេះ គឺជាការទទួលស្គាល់ និងលើកតម្កើងព្រះរាជហឫទ័យដ៏ឧត្តុង្គឧត្តម ព្រមទាំងព្រះរាជសកម្មភាពរបស់ សម្តេចព្រះមហាក្សត្រី ក្នុងការបំពេញព្រះរាជកិច្ចសង្គម និងមនុស្សធម៌ ជាពិសេសការលើកកម្ពស់តម្លៃ សិទ្ធិ និងការអភិវឌ្ឍស្ត្រី និងកុមារី។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានទូលថ្វាយ សម្តេចព្រះមហាក្សត្រី នូវរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងាររបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងរយៈពេលកន្លងមក ជាពិសេសជោគជ័យដ៏ត្រចះត្រចង់ក្នុងការរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ដែលបានលើកកម្ពស់កិត្យានុភាព និងមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ។

សូមជម្រាបថា សហគមន៍ Olave Baden-Powell Society (OB-PS) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ ជាបណ្តាញអ្នកគាំទ្រអន្តរជាតិ ដែលគាំទ្របេសកកម្មរបស់សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) ក្នុងការជួយឱ្យកុមារី និងយុវតីអភិវឌ្ឍសក្តានុពលរបស់ខ្លួនឱ្យបានពេញលេញ ដើម្បីក្លាយជាពលរដ្ឋពិភពលោកប្រកបដោយការទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំ៕