សង្គម

រដ្ឋមន្ត្រីព័ត៌មាន ណែនាំអ្នកសារព័ត៌មានប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ និងមិនត្រូវប្រើប្រាស់ AI ឱ្យសរសេរពព័ត៌មានដោយមិនបានផ្ទៀងផ្ទាត់

image


ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានរម្លឹក និងណែនាំដល់អ្នកសារព័ត៌មាន មិនគួរភ័យខ្លាច ការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) នោះទេ ប៉ុន្តែត្រូវចេះប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ។ ទំនួលខុសត្រូវចុងក្រោយបំផុតចំពោះភាពត្រឹមត្រូវ និងសុក្រឹត្យភាពនៃព័ត៌មានដែលបានផ្សព្វផ្សាយ នៅតែជាបន្ទុករបស់អ្នកសារព័ត៌មានជានិច្ច។ ដូច្នេះ អ្នកសារព័ត៌មានត្រូវតែចោទជាសំណួរជានិច្ចអំពីភាពត្រឹមត្រូវនៃអត្ថបទព័ត៌មានដែលបានសរសេរដោយ AI ពីព្រោះ AI មិនមែនជាអ្នកទទួលខុសត្រូវនោះទេ តែអ្នកសារព័ត៌មានខ្លួនឯង ជាអ្នកទទួលខុសត្រូវ។

លោក នេត្រ ភក្ត្រា បានណែនាំដូចនេះ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី៩» វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តធ្វើឡើងរយៈពេល១ថ្ងៃពេញ។ ដែលមានសិក្ខាកាមចូលរួមប្រមាណ ១៨០នាក់។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា AI អាចជួយបង្កើនល្បឿន និងប្រសិទ្ធភាពការងាររបស់អ្នកសារព័ត៌មាន ប៉ុន្តែវាមិនអាចជំនួសការគិត ការវិភាគ ការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ការវិនិច្ឆ័យ និងក្រមសីលធម៌វិជ្ជាជីវៈបានឡើយ។ ដូច្នេះ អ្នកសារព័ត៌មានត្រូវតែពង្រឹងការសរសេរ និងផលិតព័ត៌មានប្រកបដោយគុណភាព ដើម្បីទាក់ទាញអ្នកអាន ស្របតាមក្រមសីលធម៌ និងគោលការណ៍គ្រឹះនៃវិជ្ជាជីវៈ។

លោក នេត្រ ភក្ត្រា ក៏បានណែនាំឱ្យអ្នកសារព័ត៌មាន ពង្រឹងការសរសេរ និងផលិតព័ត៌មានប្រកបដោយគុណ ដើម្បីទាក់ទាញមិត្តអ្នកអាន ស្របតាមក្រមសីលធម៌ និងគោលការណ៍គ្រឹះវិជ្ជាជីវៈ។ ដូច្នេះ តាមរយៈវគ្គបណ្តុះបណ្តាលនេះ រំពឹងថាអ្នកសារព័ត៌មាននឹងទទួលបានចំណេះដឹងកាន់តែច្រើនឡើង តាមរយៈការវិនិយោគលើមូលធនមនុស្ស ដែលជាកម្លាំងស្នូលសម្រាប់កសាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ឱ្យកាន់តែមានគុណភាព វិជ្ជាជីវៈ ផ្តល់ជំនឿទុកចិត្ត និងអាចប្រកួតប្រជែងនៅក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។

ក្រៅពីនេះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការវិនិយោគលើអ្នកសារព័ត៌មាន គឺជាការវិនិយោគលើគុណភាពព័ត៌មាន និងទំនុកចិត្តសាធារណៈ សម្រាប់ថ្ងៃអនាគត ពីព្រោះអ្នកសារព័ត៌មាន ជាកម្លាំងស្នូល នៅក្នុងការផ្សាភ្ជាប់ព័ត៌មានរវាងរាជរដ្ឋាភិបាល និងប្រជាជន។ ត្រង់ចំណុចនេះក្រសួងព័ត៌មាន បានផ្តល់ការគាំទ្រ និងលើកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងធ្វើទំនើបកម្មខ្លួនឱ្យស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា និងសង្គម។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយទំនើប វិស័យព័ត៌មានបាននឹងកំពុងប្រែប្រួលយ៉ាងសកម្ម ទាំងក្នុងការផលិត ការផ្សព្វផ្សាយ និងការទទួលព័ត៌មាន។ សារព័ត៌មាន បានក្លាយជាកម្លាំងស្នូលមួួយដែលផ្តល់ព័ត៌មានពិត លើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រទេស។ 

ទន្ទឹមនឹងនេះដែរ លោក នេត្រ ភក្ត្រា បានបន្តថា ប្រព័ន្ធផ្សព្វផ្សាយឌីជីថល បានចូលរួមចំណែកបង្កើតល្បឿន នៃការជំរុញព័ត៌មានដល់ប្រជាពលរដ្ឋកាន់តែរហ័ស និងងាយស្រួល ប៉ុន្តែវាក៏បានបង្កើតនូវការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលគំរាមកំហែងដល់គុណភាពវិជ្ជាជីវៈព័ត៌មាន ការបាត់បង់ទំនុកចិត្តរបស់ប្រជាជន និងការបង្កចលាចលក្នុងសង្គម ព្រមទាំងបញ្ហាប្រឈមនានាជាដើម។ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅតែជាអាទិភាពរបស់អ្នកសារព័ត៌មាន ដើម្បីធានាបាននូវការចែករំលែកព័ត៌មានពិតដល់ពលរដ្ឋ តាមរយៈការអនុវត្តយុទ្ធនាការនិយាយថា ទេ ចំពោះព័ត៌មានក្លែងក្លាយ ជំហ៊ាន១ និងជំហ៊ាន២ ដើម្បីលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងចំណោមប្រជាជន ហើយជាពិសេសគឺយុវជនតែម្តង ដើម្បីធានាថាបាននូវសុវត្ថិភាព័ត៌មាន នៅក្នុងសង្គមកម្ពុជា។ 

លោក នេត្រ ភក្ត្រា បានណែនាំយ៉ាងដូច្នេះថា៖ «នៅក្នុងបរិបទនេះយើងមិនគួរភ័យខ្លាច ការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) នោះទេ ប៉ុន្តែត្រូវចេះប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ។ AI អាចជួយបង្កើនល្បឿន និងប្រសិទ្ធភាពការងាររបស់អ្នកសារព័ត៌មាន ប៉ុន្តែមិនអាចជំនួសការគិត ការវិភាគ ការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ការវិនិច្ឆ័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានបានឡើយ»។  

លោក នេត្រ ភក្ត្រា បានក្រើនរម្លឹកដល់អ្នកសារព័ត៌មាន ត្រូវពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំង និងកុំជឿលើ AI ខ្លាំងពេក ពីព្រោះ AI មនុស្សជាអ្នកបង្កើត ឡើងទេ ហើយ AI មិនអាចចេះទាំងអស់នោះដែរ។ AI ក៏មិនមែនសុទ្ធតែផ្តល់ព័ត៌មាន ត្រឹមត្រូវទាំងអស់ដែរ ពីព្រោះ AI ផ្តល់ព័ត៌មាន ដោយឈរលើទិន្នន័យបច្ចុប្បន្នភាពតែប៉ុណ្ណោះ។ ដូច្នេះ សូមអ្នកសារព័ត៌មាន ត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ចំពោះទិន្នន័យ ឬព័ត៌មាន ដែលផ្តល់ដោយ AI ដើម្បីបញ្ចៀសកំហុស ចំពោះប្រភពព័ត៌មាន។

លោក នេត្រ ភក្ត្រា ក៏បានលើកឡើងថា ការពង្រឹងសមត្ថភាព និងក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន បានរួមចំណែកធានាលំហព័ត៌មានសម្បូរបែប ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងចូលរួមបន្តលើកកម្ពស់សេរីភាពខាងសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ និន្នាការបច្ចុប្បន្ន អ្នកសារព័ត៌មានទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងមានសុក្រិតត្រឹមត្រូវ ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ និងរួមចំណែកដល់ការលើកកម្ពស់វិបុលភាព និងសុខដុមនីយកម្មសង្គម៕