លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំសិល្បករ-សិល្បការិនី ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈ របស់ក្រុមហ៊ុន ជីប ម៉ុង
ភ្នំពេញ៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំសិល្បករ-សិល្បការិនីជាច្រើនរូប អញ្ជើញចូលរួមអបអរសាទរពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលមានទុនវិនិយោគប្រមាណ ២៥០លានដុល្លារអាមេរិក ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងតំណាងវិស័យឯកជនជាច្រើនរូប។
ការចូលរួមរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង និងសិល្បករ-សិល្បការិនី គឺដើម្បីអបអរសាទរការវិនិយោគរោងចក្រថ្មីរបស់ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងបង្ហាញការដឹងគុណចំពោះក្រុមហ៊ុន ដែលបានឧបត្ថម្ភគាំទ្រដល់សមាគមសិល្បករខ្មែរជាប្រចាំ អស់រយៈពេល ១០ឆ្នាំកន្លងមក។
កន្លងមក ក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ និងផ្សព្វផ្សាយសិល្បៈ វប្បធម៌ និងមរតកជាតិខ្មែរ តាមរយៈការឧបត្ថម្ភព្រឹត្តិការណ៍វប្បធម៌ជាច្រើន និងរួមចំណែកផ្សព្វផ្សាយស្នាដៃសិល្បៈខ្មែរទៅកាន់សហគមន៍អន្តរជាតិ។
លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា រោងចក្រផលិតអាហារ និងភេសជ្ជៈជីប ម៉ុង គឺជាក្រុមហ៊ុនរបស់ខ្មែរ ១០០ភាគរយ ដែលបានចំណាយពេលសិក្សា និងស្រាវជ្រាវជិត ២ឆ្នាំ មុនសម្រេចវិនិយោគជាង ២៥០លានដុល្លារអាមេរិក សម្រាប់សាងសង់រោងចក្រផលិតទឹកដោះគោ មី និងតែ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបលំដាប់ពិភពលោកពីក្រុមហ៊ុន GEA របស់អាល្លឺម៉ង់ និង Sidel របស់បារាំង។
លោកអ្នកឧកញ៉ាបានបញ្ជាក់ថា រោងចក្រនេះនឹងរួមចំណែកពង្រឹងសមត្ថភាពផលិតក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើការនាំចូល ពង្រឹងសន្តិសុខស្បៀង បង្កើតឱកាសការងារ អភិវឌ្ឍធនធានមនុស្ស និងគាំទ្រសហគ្រាសក្នុងស្រុក។ ជាមួយគ្នានេះ ផលិតផលដែលផលិតឡើងនឹងមានគុណភាព និងសុវត្ថិភាពតាមស្តង់ដារអន្តរជាតិ ដើម្បីបង្កើនទំនុកចិត្តអ្នកប្រើប្រាស់ និងត្រៀមប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយ «យុទ្ធសាស្ត្របញ្ចកោណ» របស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរចំពោះលោកអ្នកឧកញ៉ា លាង ឃុន ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ជីប ម៉ុង ដែលបានខិតខំបង្កើតរោងចក្រផលិតអាហារ និងភេសជ្ជៈទំនើបមួយនេះ ដោយបំពាក់បច្ចេកវិទ្យាចុងក្រោយ ដើម្បីផលិតផលិតផលប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ។
សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ទោះបីពិភពលោកកំពុងប្រឈមនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅតំបន់មួយចំនួន ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចសកលក៏ដោយ ក្រុមហ៊ុន ជីប ម៉ុង នៅតែបន្តពង្រីកការវិនិយោគ និងអាជីវកម្មរបស់ខ្លួន ដែលជាសញ្ញាបង្ហាញពីភាពរឹងមាំ និងទំនុកចិត្តលើសេដ្ឋកិច្ចកម្ពុជា។
សម្តេចបានបន្ថែមថា ការបើកការដ្ឋានសាងសង់រោងចក្រថ្មីនេះ គឺជាសក្ខីភាពនៃការរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន ជីប ម៉ុង និងឆ្លុះបញ្ចាំងពីភាពធន់របស់វិស័យផលិតកម្មក្នុងស្រុក។ ទន្ទឹមនឹងនេះ ចលនា «ខ្មែរជួយខ្មែរ» បានជំរុញឱ្យប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន ដែលបានក្លាយជាកម្លាំងដ៏សំខាន់ក្នុងការពង្រឹង និងការពារអាជីវកម្មជាតិឱ្យរីកចម្រើនប្រកបដោយចីរភាព៕
អត្ថបទ៖ ចេង ឆហួត | រូបភាព៖ កែវ ភិរុណ និង អ៊ុន ផាន់ណាត់