សង្គម

លោក ឃួង ស្រេង ស្នើ UNESCO រាយការណ៍ពីការខូចខាតប្រាសាទព្រះវិហារ ដើម្បីការពារបេតិកភណ្ឌពិភពលោក និងឱ្យសហគមន៍អន្តរជាតិ បានដឹងពីផលប៉ះពាល់ដែលបានកើតឡើង

image


ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា រាយការណ៍ទៅអង្គការយូណេស្កូអំពីការខូចខាតយ៉ាងធ្ងន់ធ្ងរលើប្រាសាទព្រះវិហារ ដើម្បីចូលរួមការពារបេតិកភណ្ឌពិភពលោក និងឱ្យសហគមន៍អន្តរជាតិបានដឹងពីផលប៉ះពាល់ដែលបានកើតឡើង។

ការស្នើនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយលោក ផ្លាវីយ៉ូ បូណែតទី (Mr. Flavio Bonetti) តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

ក្នុងជំនួបនោះ លោក ឃួង ស្រេង បានលើកឡើងថា ក្នុងអំឡុងពេលមានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ កាលពីខែកក្កដា ឆ្នាំ២០២៥ បេតិកភណ្ឌ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមួយចំនួនបានទទួលរងផលប៉ះពាល់ រួមមានប្រាសាទតាក្របី ប្រាសាទតាមាន់ និងជាពិសេសប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក។

លោក បានបញ្ជាក់ថា ប្រាសាទព្រះវិហារ មិនមែនជាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាតែមួយទេ ប៉ុន្តែជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល ដូច្នេះត្រូវការការយកចិត្តទុកដាក់ និងការពារពីសហគមន៍អន្តរជាតិ។

លោក ឃួង ស្រេង បានស្នើឱ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ធ្វើរបាយការណ៍ជូនអង្គការយូណេស្កូអំពីស្ថានភាពខូចខាតនៃប្រាសាទព្រះវិហារ ដើម្បីជួយលើកកម្ពស់ការយល់ដឹង និងចូលរួមស្វែងរកដំណោះស្រាយសម្រាប់ការអភិរក្ស និងជួសជុលឡើងវិញ។

លោកបានបន្ថែមថា ប្រជាពលរដ្ឋកម្ពុជាមានការឈឺចាប់យ៉ាងខ្លាំងចំពោះការប៉ះពាល់លើសម្បត្តិបេតិកភណ្ឌ ដែលជាមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ និងមនុស្សជាតិ។
ជាការឆ្លើយតប លោក ផ្លាវីយ៉ូ បូណែតទី តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២៦ លោក និងក្រុមការងារបានចុះទៅពិនិត្យដល់ប្រាសាទព្រះវិហារ ដើម្បីវាយតម្លៃផលប៉ះពាល់លើតួប្រាសាទ និងសិក្សាអំពីគម្រោងជួសជុលឡើងវិញ ព្រមទាំងស្វែងរកការគាំទ្រសម្រាប់ការអភិរក្សប្រាសាទនេះ។

លោកបានបញ្ជាក់ថា អង្គការយូណេស្កូមិនត្រឹមតែផ្តោតលើការថែរក្សា និងជួសជុលបេតិកភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែក៏យកចិត្តទុកដាក់លើសុខុមាលភាព និងការរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ជាពិសេសជនភៀសសឹក ដើម្បីឱ្យពួកគេទទួលបានជីវភាពសមរម្យ និងអាចត្រឡប់ទៅលំនៅឋានវិញបានឆាប់រហ័ស។

លោក ផ្លាវីយ៉ូ បូណែតទី បានបន្ថែមថា អង្គការយូណេស្កូនឹងបន្តបំពេញបេសកកម្មក្នុងក្របខណ្ឌច្បាប់អន្តរជាតិ និងបន្តគាំទ្រកម្ពុជាក្នុងការអភិរក្សបេតិកភណ្ឌ ដែលមានតម្លៃសម្រាប់មនុស្សជាតិ តាមផែនការ និងធនធានដែលអង្គការមាន។
ការជួបពិភាក្សានេះ បានបង្ហាញពីការបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការយូណេស្កូ ក្នុងការការពារ អភិរក្ស និងលើកតម្លៃសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា៕