លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំចង្អៀត ស្តីពីការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈកិច្ចការនីតិកម្ម និងច្បាប់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីពិភាក្សាអំពីការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈកិច្ចការនីតិកម្ម និងច្បាប់ ស្របតាមស្មារតីនៃអនុក្រឹត្យលេខ១៤២ អនក្រ.បក ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការកំណត់និងការពិពណ៌នាមុខតំណែងដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ ព្រមទាំងតំណាងក្រសួងមុខងារសាធារណៈ។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងធ្វើការពិភាក្សា ពិគ្រោះយោបល់ ប្រមូលគំនិត និងតម្រង់ទិស ក្នុងការរៀបចំការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈកិច្ចការនីតិកម្ម និងច្បាប់ ដោយរួមទាំងការជ្រើសរើស ការគ្រប់គ្រង និងការអភិវឌ្ឍអាជីព និងជំនាញរបស់មន្ត្រី ក្នុងវិស័យច្បាប់របស់ក្រសួង ស្ថាប័នទាំងមុនពេលបំពេញការងារ និងទាំងក្នុងពេលបំពេញការងារ ព្រមទាំងសមិទ្ធកម្មការងារតាមចំណុចដៅ (KPI) ដែលបានកំណត់។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា ការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈមន្រ្តី ក៏ត្រូវគិតផងដែរអំពីការគ្រប់គ្រងការផ្លាស់ប្តូរ (Change Management) ដើម្បីធ្វើឱ្យវដ្ត (Cycle) នៃការគ្រប់គ្រងមន្រ្តីរាជការកាន់តែមានលក្ខណៈពេញលេញ ដោយរាប់ចាប់តាំងពីការជ្រើសរើស, ការអភិវឌ្ឍសមត្ថភាព និងអាជីព, ការប្រគល់ការងារ, ការតែងតាំង, ការដំឡើងឋានៈ, ការផ្តល់ការលើកទឹកចិត្ត និងការដាក់វិន័យ រហូតដល់ការចូលនិវត្តន៍ និងក្រោយពេលចូលនិវត្តន៍។
បន្ទាប់ពីបានពិភាក្សាផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុសរួចមក អង្គប្រជុំ បានសម្រេចរៀបចំជាសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈច្បាប់ ដោយមានចង្កោមមុខតំណែងធំៗចំនួនពីរគឺ៖ មុខតំណែងវិជ្ជាជីវៈកិច្ចការនីតិកម្ម និងមុខតំណែងវិជ្ជាជីវៈច្បាប់ ដើម្បីធានាដល់ការអនុវត្តមុខងារនីតិកម្ម, មុខងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងមុខងារកំណែទម្រង់ច្បាប់របស់ក្រសួងស្ថាប័ននានា ឱ្យកាន់តែមានប្រសិទ្ធភាព និងអាចផ្ដល់ប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់ការណែនាំក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យខាងលើនេះ ត្រូវគិតគូរអំពីកម្រិតនៃការបណ្តុះបណ្តាល, គុណវុឌ្ឍិ, បទពិសោធ,កម្រិតឋានៈ និងប្រាក់បំណាច់របស់មន្ត្រី ទាំងមុខតំណែងវិជ្ជាជីវៈឯកទេសនិងមុខតំណែងវិជ្ជាជីវៈទូទៅ ហើយត្រូវគិតគូរធ្វើយ៉ាងណាឱ្យមានលក្ខណៈប្រហាក់ប្រហែលគ្នា (Equivalent) ជាមួយមុខតំណែងគ្រប់គ្រង ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ៕