ព្រឹកនេះ សម្តេចធិបតី ដឹកនាំកិច្ចប្រជុំប្រចាំឆមាសលេីកទី៥ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់
អត្ថបទ៖ ហ៊ន សុភ័ក្រ
-------
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំកិច្ចប្រជុំប្រចាំឆមាសលេីកទី៥ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦នេះ។
សូមជម្រាបថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជា នាយករដ្ឋមន្ត្រីកាល ពីឆ្នាំ២០១៨ ដែលជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ។ ជាពិសេសភារកិច្ចចម្បងចំនួន៣ រួមមាន៖ ១) ផ្តួចផ្តើមគំនិត ឬផ្តល់យោបល់លើការរៀបចំគោលនយោបាយនានារបស់រាជរដ្ឋាភិបាល, ២) ផ្តួចផ្តើមគំនិតតាក់តែង ឬផ្តល់យោបល់លើការរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃដំណើរការនីតិវិធីធ្វើច្បាប់ដែលកំពុងស្ថិតក្នុងក្របខណ្ឌអំណាចនីតិប្រតិបត្តិ និង៣) តាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ក្រោមជាតិ និងផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី៕