សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖អេង សុគុណ, លឹម មុនី
----------
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ។
ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា “ សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ មាន៤ រួមមាន៖ ទីលានតេជោ-ធិបតី និងវេទិកានាគជ័យ សួនបវរធិបតី សួនសុវណ្ណភូមិ និងសួនស្វាគមន៍រូបម្នាស់ទឹកឃ្មុំ ដែលបានស្ថាបនារួចរាល់ក្នុងឆ្នាំ២០២៥ និងក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ។ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា “សមិទ្ធផលសម្រេចបានក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បានឆ្លើយតបទៅនឹងបំណងប្រាថ្នា និងការពេញចិត្តរបស់ប្រជាជន”។
ដើម្បីបន្តបេសកកម្មការពាររាល់សមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់ខេត្តស្ទឹងត្រែង ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ពីការប្ដេជ្ញាយ៉ាងមុតមាំធានាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទប់ស្កាត់ បង្ក្រាបបទល្មើស និងឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ផ្លូវទាំងនៅទីប្រជុំជន ជនបទ តំបន់ក្បែរព្រំដែន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ឆ្ពោះទៅដល់តំបន់សក្តានុពលទេសចរណ៍ និងតំបន់ការពារធម្មជាតិ។ លើកកម្ពស់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្សប្រកបដោយសមត្ថភាព បំនិនវិជ្ជាជីវៈ មានគុណធម៌ និងសីលធម៌ល្អប្រពៃក្នុងសង្គមជាតិ។ ពង្រឹងពង្រីកផលិតផលកសិកម្មទាំងបរិមាណ គុណភាព និងទីផ្សារ លើកកម្ពស់ផលិតភាពក្នុងផ្នែកកសិឧស្សាហកម្ម ពិពិធកម្មកសិពាណិជ្ជកម្មនិងសង្គមសេដ្ឋកិច្ច ព្រមទាំងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ អនុវត្តផែនការការងារសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ដោយរក្សាឱ្យបានជាព្រំដែនមិត្តភាព សាមគ្គីភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ជាមួយខេត្តនៃប្រទេសជិតខាង៕