សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឲ្យយកចិត្ដទុកដាក់ បន្ដពង្រឹងអំណាចស្ដ្រីក្នុងវិស័យសេដ្ឋកិច្ច មិនត្រូវពឹងផ្អែកលើប្ដី ឬបុរសតែម្ខាង
ភ្នំពេញ៖ យោងតាមរយៈសារពិសេស របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេច អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នាវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ និងសូមឲ្យបណ្ដាស្ថាប័នជាតិ និងប្រជាពលរដ្ឋ
ផ្ដោតការយកចិត្ដទុកដាក់ បន្ដពង្រឹងអំណាចស្ដ្រីក្នុងវិស័យសេដ្ឋកិច្ច ការណ៍នេះគឺជាចំនុចដ៏សំខាន់ណាស់។
សម្ដេចបន្ដថា "បើយើងពង្រឹងអំណាចស្ដ្រីលើវិស័យសេដ្ឋកិច្ចបាន យើងក៏នឹងឈានទៅពង្រឹងអំណាចស្រ្ដី ក្នុងវិស័យនយោបាយបានដែរ បើអំណាចស្រីក្នុងវិស័យសេដ្ឋកិច្ច មិនត្រូវបានលើកកម្ពស់នោះទេ នោះឥទ្ធិពលនយោបាយរបស់ស្ដ្រីក្នុងគ្រួសារ និងសហគមន៍ មិនត្រូវបានលើកកម្ពស់ទេ ដូចនេះត្រូវជំរុញស្ដ្រីឲ្យខិតខំពង្រឹងសមត្ថភាព ក្នុងក្របខណ្ឌនៃការធានារ៉ាប់រង កុំពឹងផ្អែកទៅលើប្ដីតែម្ខាង"។
សម្ដេចបានលើកជាឧទាហរណ៍ថា “ក្នុងគ្រួសារបុរសឬប្ដីមួយចំនួន មិនសូវយកចិត្ដទុកដាក់លើកិច្ចការតូចៗ ដូចនារី ឬភរិយានោះទេ ប៉ុន្ដែប្រសិន បើស្ដ្រីក្នុងគ្រួសារនីមួយៗអាចពង្រឹងបានតួនាទី ក្នុងវិស័យសេដ្ឋកិច្ចបានហើយនោះ នឹងមានសមភាពយេឌ័រ"៕
អត្ថបទ៖ ឈឹម ធីតា