សម្តេចតេជោ ហ៊ុន សែន អំពាវនាវបុរសនិងស្ត្រី បើមានទំនាស់បែកបាក់ក្នុងគ្រួសារ សូមកុំចែកចាយតាមបណ្តាញសង្គម
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានអំពាវនាវបុរសនិងស្ត្រី ដែលជាប្តីប្រពន្ធ និងគូរស្នេហ៍ ប្រសិនបើមានទំនាស់ និងការបែកបាក់ក្នុងគ្រួសារ សូមកុំចែកចាយតាមបណ្តាញសង្គម ព្រោះសកម្មភាពបែបនេះ បានធ្វើឱ្យសីលធម៌សង្គមកម្ពុជា មានការធ្លាកចុះ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវដូចនេះ ក្នុងឱកាសសម្តេចអនុញ្ញាត ឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
សម្តេចតេជោ ហ៊ុន សែន បន្តថា សីលធម៌សង្គមកម្ពុជា ហាក់មានការធ្លាក់ចុះ ដោយសារតែបញ្ហាទំនាស់ស្នេហា ហើយចែកចាយតាមបណ្តាញសង្គម ដោយការចែកចាយនោះ មានអ្នកចូលទស្សនាច្រើន ក្រោយបង្ហោះចែកចាយត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។
ជាមួយគ្នានោះ សម្តេចតេជោ ក៏បានណែនាំឱ្យពិធីករ ពិធីការិនី នៃវិទ្យុអេប៊ីស៊ី សុំកុំសួរចូលជ្រៅពេក ទៅកាន់ប្រិយមិត្តមានវិបត្តិស្នេហា ព្រោះការផ្សព្វផ្សាយបែបនោះ ជះឥទ្ធិពលមិនល្អដោយសង្គមជាតិ៕
អត្ថបទ៖ សន ពិសិដ្ឋ