សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យក្រសួងកិច្ចការនារី ដឹកនាំចាត់វិធានក្ដៅ លើការធ្លាក់សីលធម៌ នៅតាមបណ្ដាញសង្គម
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងមកយើងប្រឹងប្រែងខ្លាំងណាស់ ក្នុងការលើកកម្ពស់សីលធម៌របស់ស្ដ្រីក្នុងសង្គម ប៉ុន្ដែបែរជាស្ដ្រីមួយចំនួនតូច បានធ្វើឲ្យសីលធម៌ធ្លាក់ចុះទៅវិញ ដែលករណីនេះ មិនអាចប្រងើយកន្ដើយបានឡើយ។
នេះយោងតាមរយៈសារពិសេស របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនោះលោក អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នាវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា "បច្ចុបប្បន្ន យើងមានការធូររលុងខ្លាំងណាស់ ជុំវិញសីលធម៌ នៃការលេងបណ្ដាញសង្គម ដូចជាហ្វេសប៊ុក តិចតុក ជាដើម ដែលបណ្ដែតបណ្ដោយ ឲ្យមានការជេប្រមាថគ្នាពាសពេញបណ្ដាញសង្គម ជាហូរហែរ រហូតឈានដល់ករណីខ្លះ ជេរប្រមាថដល់កងទ័ពទៀតផង។"
សម្ដេចតេជោ បានដាក់បទបញ្ជាឲ្យ ក្រសួងកិច្ចការនារី នាំមុខធ្វើកិច្ចការនេះ ដោយសហការជាមួយភាគីពាក់ព័ន្ធឲ្យបានម៉ឹងម៉ាត់ និងសំណូមពរដល់តុលាការ ជួយចាត់ចែងលើសំណុំរឿងទាំងឡាយ ដែលពាក់ព័ន្ធការបំពានលើសីលធម៌សង្គម ពីសំណាក់ជនទាំងឡាយណា ដែលបំផ្លាញសេចក្ដីថ្លៃថ្នូរ សីលធម៌ របស់សង្គមកម្ពុជា៕
អត្ថបទ៖ឈឹម ធីតា