ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញគោលការណ៍ ក្នុងមួយឃុំ យ៉ាងហោចណាស់មានស្ត្រីម្នាក់ជាប់ឆ្នោត ក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់

image

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានប្រកាសដាក់ចេញគោលការណ៍ ក្នុងមួយឃុំ យ៉ាងហោច មានស្ត្រីម្នាក់ជាប់ឆ្នោត ក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវដូចនេះ ក្នុងឱកាសសម្តេចអនុញ្ញាត ឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងការសង្កេតតាមរយៈដំណើរចុះជួបជាមួយមន្ត្រីនៅតាមមូលដ្ឋាន ចំនួន២៣ខេត្ត-រាជធានី នាពេលថ្មីៗនេះ បានបង្ហាញថា ចំនួនស្ត្រីនៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ នៅមានចំនួនតិចតួចនៅឡើយ។
ក្នុងន័យនេះ សម្តេចតេជោ បានប្រកាសដាក់ចេញនូវគោលការណ៍ ក្នុងមួយឃុំ យ៉ាងហោចណាស់មានស្ត្រីម្នាក់ ឬច្រើនជាងនេះ ជាប់ឆ្នោត ក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់​ ដើម្បីលើកកម្ពស់ស្ត្រី។
សម្តេចថា ត្រូវរៀបចំកិច្ចការងារនេះ ដើម្បីឱ្យស្ត្រីជាប់ឈ្នះក្នុងការបោះឆ្នោត ជាមួយគ្នានោះ ស្ត្រីឈរឈ្មោះ ត្រូវមានការបណ្តុះបណ្តាល ហើយអាចធ្វើការងារ ដើម្បីប្រជាជនផងដែរ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នឹងធ្វើឡើងនៅឆ្នាំ២០២៧ខាងមុខ។
ក្នុងនោះដែរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានលើកទឹកចិត្តឱ្យស្ត្រី ប្រណាំងប្រជែង ក្នុងការដណ្តើមយកតំណែងស្មៀនឃុំ-សង្កាត់ផងដែរ ដោយឈរលើគោលការណ៍ប្រឡង ដោយសមភាព គ្មានការស្ទួចពិន្ទុ។ សម្តេចថា ក្រសួងមហាផ្ទៃ ត្រូវជួយក្រសួងកិច្ចការនារី ដើម្បីឱ្យសម្រេចបានយ៉ាងហោចណាស់ មានស្ត្រី៥០ភាគរយ ក្នុងតំណែងជាស្មៀនឃុំ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បង្កើនចំនួនស្ត្រី ក្នុងតំណែងជាឯកអគ្គរាជទូត ឱ្យបានកាន់តែច្រើន ខណៈបច្ចុប្បន្ន មានចំនួន៧នាក់។
សម្តេចបញ្ជាក់ថា វិនិយោគឱ្យស្ត្រី គឺវិនិយោគឱ្យខ្លួនឯង ការជួយស្ត្រី គឺជួយខ្លួនឯង សូមបុរសចងចាំឱ្យបានច្បាស់៕
អត្ថបទ៖ សន ពិសិដ្ឋ