សង្គម

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលព្រះរាជទ្រព្យ១០ម៉ឺនដុល្លារ ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

image


ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ និងទទួលព្រះរាជទ្រព្យដ៏ខ្ពស់ខ្ពស់បំផុតពី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១០០,០០០ USD (មួយរយពាន់ដុល្លារអាមេរិកគត់) សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

ព្រះរាជទ្រព្យផ្ទាល់ដ៏ខ្ពង់ខ្ពស់ថ្លៃថ្លាបំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គឺបានមកពីការសន្សែសន្សំអស់រយៈពេលជាង ៤០ឆ្នាំកន្លងមក ដោយចាប់តាំងពី ព្រះអង្គបានបំពេញព្រះរាជតួនាទីដ៏ថ្លៃថ្លាជាគ្រូបង្ហាត់សិល្បៈ ជាឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការយូណេស្កូនៅសាធារណរដ្ឋបារាំង និងអំឡុងពេល ព្រះអង្គគង់ប្រថាប់ក្នុងព្រះបរមសិរីរាជ្យសម្បត្តិជាព្រះមហាក្សត្រ រហូតដល់បច្ចុប្បន្ន។

សូមបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជាដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះ លើកស្ទួយជីវិត សុខុមាលភាពប្រជាជន ផ្អែកតាមគោលការណ៍មនុស្សធម៌ អព្យាក្រឹត្យ មិនលម្អៀង ឯករាជ្យភាព ស្ម័គ្រចិត្ត ឯកភាព និងសាកល។

សមិទ្ធផលដែលសម្រេចបានកន្លងមកនេះគឺក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយកាលពីចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជា បានជួយសង្គ្រោះ និងផ្តល់អំណោយ ធនធាន ជូលដល់ជាង ១០ម៉ឺនគ្រួសារ ដែលជាជនក្រីក្រ គ្រួសារវីរកងទ័ព ជនភៀសសឹក អ្នករងរបួស និងជនជួបគ្រោះមហន្តរាយ ជាដើម៕