អ្នកឧកញ៉ា គិត ម៉េង អញ្ជើញចូលរួមអបអរសាទរខួបលើកទី៦១ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសិង្ហបុរី
ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៤ សីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានដឹកនាំសមាជិក-សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៦១ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសិង្ហបុរី។
ពិធីអបអរសាទរខួបលើកទី៦១ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសិង្ហបុរី រៀបចំដោយស្ថានទូតសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ក្រោមការ ដឹកនាំរបស់ឯកឧត្តម ស្ទីវិន ផាំង ឈីវី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា និង មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា, សមាជិកអង្គទូតប្រចាំកម្ពុជា តំណាងក្រសួងស្ថាប័នរដ្ឋ តំណាងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញសេចក្តីរីករាយដែលបានចូលរួមក្នុងពិធីនេះ ដែលឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ ព្រមទាំងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកថា កម្ពុជាជាប្រទេសដំបូងគេមួយដែលបានទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរីក្នុងឆ្នាំ១៩៦៥ ហើយកិច្ចសហប្រតិបត្តិការនេះត្រូវបានពង្រឹងកាន់តែជិតស្និទ្ធមកទល់ពេលបច្ចុប្បន្ន តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការកម្រិតខ្ពស់ ជាពិសេសទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់សិង្ហបុរីក្នុងឆ្នាំ២០២៤ និងទស្សនកិច្ចរបស់ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី មកកាន់កម្ពុជាក្នុងឆ្នាំ២០២៥។
បច្ចុប្បន្ន ទំនាក់ទំនងដៃគូនេះបានឈានដល់កម្រិតថ្មីមួយ តាមរយៈការកើនឡើងនៃវិនិយោគសិង្ហបុរីនៅកម្ពុជា ការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនជាមួយនឹងជើងហោះហើរត្រង់ ៥០ជើងក្នុងមួយសប្តាហ៍ ព្រមទាំងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មថាមពលឆ្លងដែន សំដៅគាំទ្រដល់បណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ដែលជាសសរស្តម្ភដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយតាមរយៈមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី (CSCC) មន្ត្រីរាជការកម្ពុជាជិត ១៩.០០០នាក់ ទទួលបានការបណ្តុះបណ្តាលចាប់តាំងពីឆ្នាំ២០០០ មក។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បន្ថែមទៀតថា ក្នុងក្របខ័ណ្ឌតំបន់ កម្ពុជាបានសម្តែងនូវការគាំទ្រចំពោះសិង្ហបុរី ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៧ ដោយជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមិត្តភាពប្រវត្តិសាស្ត្ររវាងកម្ពុជា និងសិង្ហបុរី នឹងបន្តលូតលាស់កាន់តែរឹងមាំ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៅក្នុងតំបន់៕
អត្ថបទ៖ចេង ឆហួត និងរូបភាព៖លឹម មុនី, អ៊ុន ផាន់ណាត់