ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី១១

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖អេង សុគុណ, លឹម មុនី
……………………
សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី១១ នាព្រឹកថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៦នេះ នៅវិទ្យាស្ថានជាតិអប់រំ។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានថ្លែងថា “ការបណ្តុះបណ្តាលអាចារ្យ អាចារិនី គិតមកទល់ បច្ចុប្បន្ននេះ ក្រសួងបានបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និង ក្រមសីលធម៌អាចារ្យខ្មែរ បានចំនួន ៥៣វគ្គ រួចមកហើយ មានសិក្ខាកាម ជាអាចារ្យ អាចារិនី បានចូលមកសិក្សាសរុបចំនួនជាង១ម៉ឺន ៤ពាន់ អង្គ/នាក់ ក្នុងនោះព្រះសង្ឃសរុបចំនួន ១ ១២៤ព្រះអង្គ និងអាចារិនី ចំនួន ២៣២ នាក់"។ ឯកឧត្តម ចាយ បូរិន បានបន្តថា "ចំនួនអាចារ្យដែលបានបណ្តុះបណ្តាល ហើយនៅពុំទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់ពុទ្ធបរិស័ទនៅឡើយទេ។ ដូច្នេះហើយ ក្រសួងនឹងបើកវគ្គបណ្តុះបណ្តាលបន្តបន្ទាប់ទៀត ដើម្បី បំពេញទៅតាមតម្រូវការរបស់ពុទ្ធបរិស័ទនៅទូទាំងប្រទេស។ ក្រៅពី វគ្គបណ្តុះបណ្តាល អាចារ្យ អាចារិនី ក្រសួងបានបើកវគ្គបណ្តុះបណ្តាល ដូនជីបានចំនួន ២វគ្គ ផងដែរ ដោយមានសិក្ខាកាមជាដូនជី បានចូល មកសិក្សាមានចំនួន ១ ១០៧ នាក់"។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ដែលដឹកនាំនិងគ្រប់គ្រងដោយក្រសួងធម្មការ និងសាសនា ត្រូវបានបដិសន្ធិឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីឆ្នាំ២០០៩ ដោយពេលនោះ សម្តេចតេជោ បានមើលឃើញការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗ ខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឱ្យមានការជជែកវែកញែករកខុសរកត្រូវ មិនដាច់ស្រេច។ សម្តេចតេជោ យល់ថា នេះជាវិបត្តិអាចារ្យខ្មែរ ហើយនឹងក្លាយជាវិបត្តិកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនគិតគូរទប់ស្កាត់ទាន់ពេលវេលា។ ហេតុនេះទើបនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ សម្តេចតេជោ បានផ្តល់អនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ដល់ក្រសួងធម្មការនិងសាសនា ដើម្បីបង្កើតជាវគ្គបណ្តុះបណ្តាលតម្រង់ទិសអាចារ្យទូទាំងប្រទេស ឱ្យមានការឯកភាពគ្នា យោគយល់គ្នាលើការដឹកនាំពិធីកម្មសាសនា និងពិធីមង្គលនានា ធ្វើយ៉ាងណាកុំឱ្យមានវិបត្តិអា ចារ្យកើតឡើង៕
បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ក្រសួងធម្មការនិងសាសនា បានខិតខំស្វែងរកធនធានចាស់ព្រឹទ្ធាចារ្យ និងលោកអាចារ្យដែលមានចំណេះដឹង អាចចងចាំច្បាស់លាស់នូវពិធីកម្ម ចេះ ចាំទំនៀមស្រុកទេស ដែលមានសមត្ថភាពជំនាញខ្ពស់ មានបទពិសោធយូរឆ្នាំដើម្បីប្រជុំរៀបចំពិគ្រោះយោបល់ ពិភាក្សាអំពីការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ នេះឡើង ដែលអាចផ្តល់ឱកាសឱ្យ អាចារ្យ អាចារិនីទូទាំងប្រទេស បានចូលរួមសិក្សាឈ្វេងយល់ ផ្លាស់ប្តូរចំណេះដឹង ចំណេះធ្វើ និងបទពិសោធគ្នាទៅ វិញទៅមកលើទម្រង់ពិធីកម្មផ្សេងៗ ដែលមាននៅតាមមូលដ្ឋានភូមិស្រុក ក្នុងព្រះរាជាណាចក្រកម្ពុជា៕