សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ក្រសួងធម្មការ និង សាសនាត្រូវជំរុញការបង្កើតសមាគមអាចារ្យខ្មែរ សម្រាប់តម្រង់ទិស រក្សាអត្តសញ្ញាណជាតិ និង អភិរក្សមរតកវប្បធម៌ខ្មែរ
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖អេង សុគុណ, លឹម មុនី
…………………
គោលបំណងដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម, លើកស្ទួយការអភិរក្ស និង ជំរុញ ការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅកម្ពុជា, និង លើកកម្ពស់តម្លៃ និង សីលធម៌អាចារ្យ-អាចារិនី សម្តេចធិបតីបានថ្លែងដាក់ចេញនូវអនុសាសន៍ដល់ក្រសួងធម្មការ និង សាសនា ត្រូវពង្រឹងការដឹកនាំការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ប្រកបដោយ ប្រសិទ្ធភាព ភាពស័ក្តិសិទ្ធ និង ស្របតាមការវិវត្ត នៃសង្គម និងសិក្សាដាក់ចេញ នូវគោលនយោបាយ យុទ្ធសាស្ត្រ និង វិធានការសម្រាប់អភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឱ្យក្លាយជាកម្លាំងសីលធម៌សង្គមខ្មែរដ៏ពិតប្រាកដ និងសសរស្តម្ភ នៃសុខដុមជំនឿសាសនាជារៀងរហូត ។ ជាពិសេសក្រសួងធម្មការ និង សាសនា ត្រូវជំរុញការបង្កើតសមាគមអាចារ្យខ្មែរសម្រាប់តម្រង់ទិសរក្សាអត្តសញ្ញាណជាតិ និង អភិរក្សមរតកវប្បធម៌ខ្មែរ ។
ការលើក នូវប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី១១ នាព្រឹកថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៦នេះ នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចធិបតី បានបន្តថា “ក្រសួងធម្មការ និង សាសនា ត្រូវជំរុញយុទ្ធនាការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និង ក្រមសីលធម៌អាចារ្យខ្មែរ ដល់អាចារ្យ-អាចារិនី ឱ្យបានទូលំទូលាយ ដើម្បីបន្តដោះស្រាយ វិបត្តិអាចារ្យខ្មែរ។ ក្រសួងធម្មការ និង សាសនា ត្រូវពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំវគ្គបណ្តុះបណ្តាល តម្រង់ទិសដល់ប្រតិបត្តិករ ដើម្បីឱ្យការរៀបចំពិធីកម្មសាសនា និង ពិធីមង្គលផ្សេងៗ ស្របតាមប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ។
សម្តេចធិបតី ក៏បានបញ្ជាក់ថា “ក្នុងពិធីកម្មសាសនានានាអាចារ្យ-អាចារិនី សូមយកឱកាសនោះដើម្បីអប់រំសីលធម៌ សុជីវធម៌ និង កតញ្ញូតាធម៌ ដល់ប្រជាពលរដ្ឋ ជាពិសេស យុវជន និង កុមារ ព្រមទាំងណែនាំឱ្យយុវជនចៀសឆ្ងាយពីអំពើអបាយមុខនានា៕