ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចុះពិនិត្យដំណើរការជំរឿនមន្ត្រីជាក់ស្តែង និងការធ្វើជីវមាត្រ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

image

ភ្នំពេញ៖ យុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង និងការធ្វើជីវមាត្រ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យ និងរចនាសម្ព័ន្ធអង្គភាព បានបន្តឈានដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាក្រសួងគោលដៅទី២២។
ដំណើរការប្រមូលទិន្នន័យនេះ បានប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំ និងមានសណ្តាប់ធ្នាប់ខ្ពស់ ក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃទី២ នៃយុទ្ធនាការជំរឿន លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវដំណើរការការងារ និងការធ្វើជីវមាត្រ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ការអញ្ជើញចុះពិនិត្យដោយផ្ទាល់នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះគ្រប់ដំណាក់កាលនៃដំណើរការជំរឿន ដោយមិនថាកិច្ចការនោះតូច ឬធំឡើយ។ លោកឧបនាយករដ្ឋមន្ត្រី មិនត្រឹមតែតាមដានវឌ្ឍនភាពការងារជារួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចុះពិនិត្យផ្ទាល់ដល់ទីតាំងអនុវត្តការងារ ដោយផ្តោតការយកចិត្តទុកដាក់លើភាពម៉ត់ចត់ និងត្រឹមត្រូវនៃនីតិវិធីបច្ចេកទេសនីមួយៗ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំដែលប្រព្រឹត្តទៅដោយមានភាពម៉ឺងម៉ាត់ សណ្តាប់ធ្នាប់ល្អ និងកិច្ចសហការសម្របសម្រួលយ៉ាងរលូនរវាងស្ថាប័នពាក់ព័ន្ធ។ ជាមួយគ្នានេះ លោកក៏បានឆ្លៀតឱកាសសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមការងារបច្ចេកទេសគ្រប់ជួរ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីធានាឱ្យការប្រមូលទិន្នន័យប្រព្រឹត្តទៅប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ គណនេយ្យភាព និងប្រសិទ្ធភាព។
សូមបញ្ជាក់ថា ទោះបីយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង និងការធ្វើជីវមាត្រ កំពុងប្រព្រឹត្តទៅយ៉ាងមមាញឹកក្តី ក៏ដំណើរការការងារប្រចាំថ្ងៃ និងការផ្តល់សេវាសាធារណៈផ្សេងៗរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតែបន្តប្រព្រឹត្តទៅជាធម្មតា ដោយមិនមានការរអាក់រអួល ឬរំខានដល់ការបំពេញការងារឡើយ៕
អត្ថបទ៖ វង សុភ័ក្ត្រ